ព័ត៌មានជាតិ

កម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្រប់ដណ្តប់លើផ្ទៃដី៤០% ចាប់ពីខែឧសភាដល់មិថុនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដើមរដូវវស្សាចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អស្សាសេ និងអតិបរមា៣៦អង្សាសេ ដែលអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្រប់ដណ្តប់លើផ្ទៃដី៤០% ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា យោងទៅលើស្ថានភាពវិវត្តន៍នៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័របង្ហាញឲ្យឃើញថា ចាប់ពីខែឧសភា ដល់មិថុនា បាតុភូតអែលនីណូ (El Nino) នឹងស្ថិតនៅ១០% ។ រីឯបាតុភូតអែលសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៣៨% នៅក្នុងខែឧសភា ។

សម្រាប់ការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងធ្វើឲ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាព មធ្យមអតិបរមា ៣៦អង្សាសេ ផ្ទៃមេឃមាន ពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្រប់ដណ្តប់លើផ្ទៃដី៤០% និងបរិមាណទឹកភ្លៀងខ្ពស់ ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការថែរក្សាប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ។

ក្រសួងធនធានទឹក ក៏ប្រាប់ឲ្យសូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន ៕

To Top