ព័ត៌មានជាតិ

បំណែកសាច់បង្កក ខូចគុណភាពជាង៤,៥តោនទៀត ត្រូវបានដុតកម្ទេចចោល

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប និងដុតកម្ទេចចោលនូវបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាមដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឲ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

ប្រតិបត្តិការបង្ក្រាបទាំង២ករណីនេះ ៖ ករណីទី១- បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីរាជអាវុធហត្ថ បង្ក្រាបបាននិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ៣ គ្រឿង បង្កប់ជាមួយទំនិញផ្សេង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ករណីទី២- ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១ ០៥០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនដោយរ៉ឺម៉កម៉ូតូនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ៕

To Top