ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ទៅកាន់សមាជិក សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីយ៉ាងដូចនេះ គឺនៅពេលដែលលោកបានអញ្ជើញ ជាអធិបតីក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំ របស់សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា (EUROCHAM) ដែលបានធ្វើឡើងនៅ សណ្ឋាគារអ៊កវ៉ូត (Oakwood) ក្នុងរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី បានលើកឡើងថា សេវាមិនតិចជាង១០ប្រភេទ នោះទេដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលាដែលជាការអនុវត្ត តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបាន លើកឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន។
ជាមួយនឹងការអបអរសាទរ ដោយសំឡេងទះដៃពីអង្គពិធី លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែសម្រួលសេវានឹងអាចប្រកាស នៅដើមសប្តាហ៍ក្រោយនៃខែមេសា ឆ្នាំ២០២៤នេះ។
បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាម គ្រឹះស្ថានអប់រំសិក្សារបស់ក្រសួង ដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ តាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រ ជាន់ខ្ពស់បច្ចេកទេស(ឌីប្លូម៉ា)។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិ របស់ប្រមុខរាជរដ្ឋាភិបាលលើការ បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែលទទួលបានការបណ្តុះបណ្តាល ដោយឥតគិតថ្លៃនិងប្រាក់ឧបត្ថម ពីរាជរដ្ឋាភិបាលចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ ។
សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកការបណ្តុះបណ្តាល ជំនាញគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវដែលមានផលិតភាពខ្ពស់ មានភាពធន់ បត់បែនដែលអាចឆ្លើយតបតាមតម្រូវការ នៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលក្នុងទិសដៅធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ៕