ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញ ទៅទទួលព្រះចៅស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម នៅព្រលានយន្ដហោះរាជធានីភ្នំពេញផ្ទាល់ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន នឹងអមដំណើរ ព្រះមហាក្សត្រ ព្រុយណេ ទៅកាន់សណ្ឋាគារ ផងដែរ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ មេសា នេះថា «ប្រសិនពុំមានការផ្លាស់ប្តូទេ នៅយប់ថ្ងៃ២៩ មេសា ខាងមុខនេះ ព្រះមហាក្សត្រព្រុយណេ ព្រះអង្គ នឹងយាងមកដល់កម្ពុជា ដែលខ្ញុំនឹងទៅទទួលព្រះអង្គ នៅព្រលានយន្តហោះដោយផ្ទាល់ នឹងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ»។
សម្ដេចតេជោបន្ដថា «ករណីបែបនេះមិនចម្លែកទេ រវាងព្រះអង្គ ជាមួយព្រះអង្គ ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេចទៅព្រុយណេ ព្រះអង្គក៏បានបើករថយន្ត ដោយអង្គឯង មកទទួលនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។
សម្តេចតេជោថា “គោលបំណងទស្សនកិច្ចរបស់ព្រះ គឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំ ដែលព្រះអង្គរាប់អានខ្ញុំ ដូចប្អនពៅ។ (បងប្អូន៣នាក់ គឺព្រះជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)»។
សម្ដេចតេជោបន្ថែមថា “ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹក ៣០ មេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីន ដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំ មានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី ។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះ ដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ» ៕