ព័ត៌មានជាតិ

គម្រោង ព្រែកជីកហ្វូណន ជាសិទ្ធិអត្តនោម័ត របស់កម្ពុជា ក្នុងនាមរដ្ឋអធិបតេយ្យ

ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាមរតក នៃការសម្រេចចិត្ត ដើម្បីបុព្វហេតុជាតិ ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដែលបានកំពុង បន្តអនុវត្តយ៉ាងសកម្មក្លៀវក្លាដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោក​ ទូច​ សុឃៈ​ បញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ ត្រូវតែដំណើរការដោយសិទ្ធិ អត្តនោម័តរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ ស្របច្បាប់អន្តរជាតិ និងជាសមាជិកអង្គការ សហប្រជាជាតិ»។

ក្រោមបូរណភាពដែនដីកម្ពុជា យើងមើល ឃើញថា គម្រោងដ៏មហិមានេះ មានគោលដៅបម្រើ ឱ្យវិស័យសេដ្ឋកិច្ច និងសង្គមសុទ្ធសាធ ជាពិសេសសម្រួលការដឹកជញ្ជូន តាមផ្លូវទឹកក្នុងវិស័យពាណិជ្ជកម្ម ពីកម្ពុជាឆ្ពោះទៅនិង មកពីបណ្ដាប្រទេសនានា លើពិភពលោកតាមរយៈផ្លូវសមុទ្រ។

ដូច្នេះ ការទាញភ្ជាប់ជាអត្តនោម័ត របស់អ្នកនយោបាយក្បត់ជាតិ បំផ្លាញផលប្រយោជន៍ប្រជាជន ក៏ដូចជាជនបរទេស ទាំងឡាយ ដែលថា «ព្រែកជីកហ្វូណាតេជោ» មានការគម្រាមកំហែងដល់អធិបតេយ្យជាតិ និងសន្តិសុខតំបន់ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចរិតចោរម្សៀត គ្មានថ្ងៃកែរបស់ក្រុមជ្រុលនិយម និងជាចេតនាទុច្ចរិតប៉ុនប៉ង រារាំងម្ដងហើយម្ដងទៀតរបស់បរទេសមួយចំនួន ដែលមិនចង់ឃើញភាពរុងរឿង ក្រោមម្លប់សន្តិភាពរបស់កម្ពុជា។

ក្នុងឋានៈជាក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ និងក្នុងនាមជាកូនខ្មែរមួយរូប លោកបណ្ឌិត សូមចូលរួមបរិច្ចាគប្រាក់ខែ ចំនួន៣ខែ ប្រសិនរាជរដ្ឋាភិបាលបង្កើតមូលនិធិ ។ ទន្ទឹមនេះ លោកបណ្ឌិត សូមប្រកាសអំពាវនាវដល់បងប្អូន ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមឱ្យបានសកម្មផុលផុស គាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» ឱ្យទៅជា «ចលនាជាតិដ៏រស់រវើក» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសក្ដីសង្ឃឹមប្រកប ដោយការជឿជាក់ក្នុងការប្រែក្លាយកម្ពុជា ឱ្យឈានឡើងទៅជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០៕

To Top