ព័ត៌មានជាតិ

សម្តេចធិបតី៖ កុំយកមតិសហជីព២ឬ៣​ មកវាយតម្លៃថា​កម្ពុជា​អត់​សិទ្ធិ​សេរីភាព​

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លេីកឡេីងថា​ កុំយកមតិសហជីព២ឬ៣​​ ដែលបង្កើតបញ្ហាហើយដើរ ស្រែកថាគ្មានសិទ្ធិសេរីភាព​ ខណៈមានអង្គការវិជ្ជាជីវៈជាង៦ពាន់ នៅកម្ពុជា បាននិងកំពុងបំពេញតួរនាទីរបស់ខ្លួន បម្រើជូនដល់កម្មករ និយោជិតដោយសិទ្ធិស្មើគ្នា តម្លាភាព យុត្តិធម៌ក្រោមច្បាប់ទាំងអស់គ្នា ។

ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសមាគម សហជិពកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តជាតិ នៅជ្រោយចង្វា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។

ឆ្លៀតក្នុងវេទិកានេះ សម្តេចធិបតី ក៏បានអរគុណដល់និយោជក សហជីព​ និងនិយោជិតដែលបានអនុវត្តន៍នូវសិទ្ធិតាមក្រម តាមគោលការណ៍ដែលច្បាប់អនុញ្ញាត ហើយយល់គ្នា មានអ្វីខុសជជែកគ្នា រកវិធីដោះស្រាយតាមយន្តការដែលមានស្រាប់ ។ ជាមួយគ្នានេះ សម្តេចធិបតីថា រាជរដ្ឋាភិបាលសហការជួយ ដើម្បីធ្វើយ៉ាងណា ឱ្យមានលំនឹង។

សម្តេចធិបតី មានប្រសាសន៍ថា រដ្ឋាភិបាល នឹងបន្តគាំទ្រ ដល់ដំណើរការ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគី ក្នុងការដោះស្រាយវិវាទការងារ និងយន្តការផ្សេងៗ ហើយពេលជាមួយគ្នា យើងក៏បន្តលើកកម្ពស់សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ។

សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា “ខ្ញុំបានប្រាប់មន្ត្រីបរទេសមួយចំនួន​ដែលបានលើក សួរអំពីស្ថានភាព សិទ្ធិសេរីភាព វិជ្ជាជីវៈនៅកម្ពុជា ខ្ញុំបានថា សូមឱ្យមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើមពីរដើម ។ សូមឱ្យមើលស្ថានភាព របស់សហជីព អង្គការវិជ្ជាជីវៈទាំងអស់ នៅកម្ពុជា ប្រតិបត្តិដែលធ្វើការងារ បំពេញកាត្តព្វកិច្ចតំណាងឱ្យភាគីរៀងៗខ្លួន មានទាំងសមាគមនិយោជក មានទាំងសហជីពគ្រប់កំរិត ដែលយើងមកដល់ម៉ោងនេះ មានជាង៦​៣០០នៅឆ្នាំ២០២៤ បើប្រៀបឆ្នាំ២០១៦ មានតែ៣​៦០០កើន១ចង់ជា២”។

សម្តេចធិបតី គូសបញ្ជាក់ថា “សិទ្ធិសេរីភាព យើងបើកទូលាយហើយ បាននៅក្នុង៨ឆ្នាំ កើន១ជិតទៅជា២ ជាង៣ពាន់ រហូត៦ពាន់ជាង បានន័យថា គាត់មានសិទ្ធិសេរីភាព ហើយរីកចម្រើន។ កុំយកសហជីព១ឬ២ ដែលបង្កើតបញ្ហា ដើរស្រែកប្រាប់ថា អត់សិទ្ធិៗ ទៅសួរអ្នក៥ទៅ៦ពាន់នាក់នេះ ៦ពាន់អង្គការវិជ្ជាជីវៈ ដែលគេធ្វើការបំពេញកាត្តព្វកិច្ចជូន រាប់ទាំងសហជីពមូលដ្ឋាន រហូតសហភាពសហជីព សមាគមនិយោជក ធ្វើការងារដើម្បីបំពេញកាត្តកិច្ច បម្រើដល់កម្មករ និយោជិត តាមក្របខណ្ឌច្បាប់ផ្តល់ឱ្យ អីចឹងសិទ្ធិសេរីភាពនេះ ដែលយើងត្រូវបន្តលើកស្ទួយ ជាយន្តការមួយ ដែលធានាសុខដុមរមណីយកម្ម បានន័យថា សិទ្ធិស្មើគ្នាតម្លាភាព យុត្តិធម៌ក្រោមច្បាប់ទាំងអស់គ្នា មានអីជជែកគ្នា ហើយរដ្ឋជួយដោះស្រាយបញ្ហា”៕

To Top