ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក តម្លៃ៣០លានដុល្លារ របស់អាមេរិក ត្រូវក្រុមឧទ្ទាមហួធី បាញ់ធ្លាក់

RT News

បរទេស៖ សារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមន្ត្រីមន្ទីរប៉ង់តាហ្គោនថា សហរដ្ឋអាមេរិកបានបាត់បង់នូវយន្តហោះគ្មានមនុស្សបើក MQ-9 Reaper តម្លៃ៣០លានដុល្លារផ្សេងទៀត នៅឯឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ។ ខណៈដែលការស៊ើបអង្កេត លើការធ្លាក់យន្តហោះនៅតែត្រូវបានធ្វើឡើង ស្រាប់តែក្រុមឧទ្ទាម ហួធី បានចេញមុខទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីមុន សហរដ្ឋអាមេរិកបានបាត់បង់យន្តហោះគ្មានមនុស្សបើក២គ្រឿងដែរ ប្រភេទ Reapers ដោយមួយ​គ្រឿងត្រូវ​បាន​គេ​បំផ្លាញ​នៅ​ខែ​វិច្ឆិកា ហើយ​មួយ​ទៀត​ត្រូវ​បាន​បំផ្លាញ​នៅ​ខែ​កុម្ភៈ។

លោក Yahya Saree អ្នកនាំពាក្យក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏បានអះអាងកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធបានកំណត់គោលដៅលើ “នាវាប្រេងរបស់អង់គ្លេស Andromeda Star” នៅក្នុងសមុទ្រក្រហម ជាមួយនឹងកាំជ្រួចកងទ័ពជើងទឹក ហើយបានវាយប្រហារដោយផ្ទាល់។

យោធាអាមេរិកបានបញ្ជាក់ថា ក្រុមឧទ្ទាមហួធី បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវាចំនួន ៣ គ្រាប់នៅតំបន់នោះ ទៅកាន់គោលដៅជាច្រើន និងធ្វើឱ្យខូចខាតដល់នាវា អង់គ្លេស។ នាវា “MV Andromeda Star រាយការណ៍ពីការ ខូចខាតតិចតួច ប៉ុន្តែកំពុងបន្តដំណើររបស់ខ្លួន” ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងការបង្ហោះនៅលើ X ដោយបន្ថែមថា សម្ព័ន្ធយោធាដែនសមុទ្រមិន បានរាយការណ៍ពីការរង របួសឬការខូចខាតណាមួយឡើយ។

ក្រុមឧទ្ទាម ហួធី ដែលអះអាងថា ជារដ្ឋាភិបាល នៃប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារលើកប៉ាល់ ដែលពាក់ព័ន្ធជាមួយ អ៊ីស្រាអែលនៅសមុទ្រក្រហម និង ឈូងសមុទ្រ Aden ចាប់តាំងពីចុងខែតុលា ដើម្បីជាការឆ្លើយតប ទៅនឹងការវាយលុក របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា។ ពួកសកម្មប្រយុទ្ធបានប្តេជ្ញាបន្តយុទ្ធនាការ របស់ពួកគេរហូតដល់រដ្ឋជ្វីហ្វបញ្ឈប់ការ វាយលុករបស់ខ្លួន លើតំបន់ប៉ាឡេស្ទីន៕

ប្រែសម្រួលៈ ណៃ តុលា

To Top