ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអះអាងថា ការជីក ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើឱ្យផលប្រយោជន៍ សម្រាប់ត្រកូលហ៊ុននោះទេ តែផ្ទុយទៅវិញ គម្រោងនេះ នឹងបម្រើដល់ផលប្រយោជន៍ ជាតិទាំងមូល ជាពិសេសពលរដ្ឋកម្ពុជាផ្ទាល់តែម្តង ។
ការអះអាងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ សំណេះសំណាល ជាមួយសមាគមសហជីពកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តជាតិ នៅជ្រោយចង្វា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។
ការចេញមកបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ប្រធានព្រឹសភាកម្ពុជា ក៏បានអះអាងម្តងជាពីរដង រួចមកហើយ ដោយបន្តបញ្ជាក់ជំហរ ថាគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវតែលេចចេញរូបរាង ហើយគម្រោងនេះ ក៏ត្រូវបានសម្តេចធិបតី និង សម្តេចតេជោ បញ្ជាក់ថា មិនមានបម្រើផលប្រយោជន៍ ដល់ការដឹកជញ្ជូនយោធា បរទេសណាមួយដែរ ។
ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានលើកឡើងថា “ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គ្រប់និន្នាការនយោបាយ បានចេញសារគាំទ្រ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា មានច្រកដើម្បីដកដង្ហើមខ្លួនឯង ពង្រឹងសេដ្ឋកិច្ចយើង តាមរយៈការកសាងនូវព្រែកជីកហ្វូណនតេជោ” ។
សម្តេចបានគូសបញ្ជាក់ថា រឿងនេះ សម្តេចបានលើកជាច្រើនដង នៅតាមវេទិកាមួយចំនួន ពោលតាំងពីមុនពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ហើយក្នុងនោះកាលពីថ្ងៃទី២៦មេសាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ក៏មានប្រសាសន៍ច្បាស់ ទៅលើកិច្ចការងារនេះផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “វាមិនមែនជាផលប្រយោជន៍សម្រាប់ត្រកូលហ៊ុនទេ ប៉ុន្តែត្រកូលហ៊ុន គ្រាន់តែជាអ្នកបានចូលរួម នៅក្នុងការជួយផ្តួចផ្តើម និងធ្វើកិច្ចការងារនេះ សម្តេចតេជោ បានផ្តួចផ្តើមនូវគំនិតនេះ ឥឡូវខ្ញុំនឹងបន្តដើម្បីធ្វើឱ្យគម្រោងនេះ ដើម្បីចេញជារូបរាងជូនប្រជាពលរដ្ឋយើង”។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា “មិនមែនបង្កើតដោយសារខ្ញុំទេ បង្កើតដោយសារប្រជាពលរដ្ឋយើងទាំងអស់ មន្ត្រីរាជការរបស់យើង ខិតខំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សិក្សាដោយលម្អិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្នាក់ដឹកនាំយើងជាច្រើនបានធ្វើការងារនេះ”។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានអះអាងទៀតថា កម្ពុជាតម្កល់ផលប្រយោជន៍ជាតិជាធំ ដូច្នេះព្រែកជីកនេះត្រូវតែធ្វើ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច៕