ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ នៅប្រទេស អារ៉ាប៊ីសាអូឌីត ចំនួន១២នាក់ បន្ថែមទៀត ត្រូវបានបញ្ជូន មកដល់កម្ពុជាវិញថ្ងៃនេះ

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេស អារ៉ាប៊ីសាអូឌីត ចំនួន១២នាក់ បន្ថែមទៀត បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីមានការសម្របសម្រួល ពីរាជរដ្ឋាភិបាលកម្ពុជា ខណៈពលរដ្ឋ ដែលនៅសេស សល់ដទៃទៀត កំពុងបន្តសម្របសម្រួល ដោយអាជ្ញាធរកម្ពុជា និងរង់ចាំនីតិវិធីបញ្ជូន មកកាន់ប្រទេសកម្ពុជាវិញ ។

លោកស្រី សៀក សុជាតិ ពលរដ្ឋខ្មែរដែលបានវិល ត្រឡប់ពីប្រទេស អារ៉ាប៊ីសាអូឌីត បានលើកឡើងថា ៖ «ខ្ញុំសប្បាយ ចិត្តណាស់នៅពេល ដែលទទួលដំណឹងពីខាងមន្រ្តីរបស់យើងថា ពួកខ្ញុំនឹងបានវិលត្រលប់ ទៅប្រទេសកម្ពុជាវិញហើយ ។ ខ្ញុំសូមអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងបណ្តាក្រសួងពាក់ព័ន្ធ ដែលបានយកចិត្តទុក ដាក់មកលើសុខទុកពលរដ្ឋ ដែលរងគ្រោះនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតបានវិលត្រលប់មកកាន់ ប្រទេសកម្ពុជាវិញ នៅពេលនេះ»។

លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានមន្រ្តីពាក់ព័ន្ធធ្វើការសម្របសម្រួលផ្ទាល់ដល់បងប្អូនពលរដ្ឋខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត មានការយកចិត្តទុកដាក់ និងខិតខំបំពេញការងារណាស់ដើម្បីធ្វើការសម្របសម្រួលជាមួយភាគីអារ៉ាប៊ីសាអូឌីត ក្នុងការបញ្ជូនពលរដ្ឋខ្មែរបានវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាព។ ពលរដ្ឋទាំងអស់ទទួលបានភាពកក់ក្តៅនៅពេលឃើញមានមន្រ្តីកម្ពុជាចុះធ្វើអន្តរាគមន៍ផ្ទាល់នៅទីនោះ។

ដោយឡែកលោកស្រី គង់ អៀង ពលរដ្ឋខ្មែរម្នាក់ទៀត ដែលបានវិលត្រឡប់មកកម្ពុជាវិញ ក៏បានលើកឡើងថា ៖«នៅពេលដឹងថា ពួកខ្ញុំបានវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំនៅមិនសុខទេនៅពេលលឺដំណឹងនេះពីព្រោះខ្ញុំនឹងបានវិលត្រលប់មកជុំគ្រួសារនៅប្រទេសកម្ពុជាវិញ»។

លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ ណាស់មកលើពលរដ្ឋ ដែលរងគ្រោះនៅប្រទេស អារ៉ាប៊ីសាអូឌីត ។ លោកស្រីសូមអរគុណ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័ន ទាំងអស់ដែលខិត ខំបំពេញការងារ រហូតបញ្ជូនពលរដ្ឋខ្មែរ ពីប្រទេសអារ៉ាប៊ីសាអូឌីត មកកាន់ប្រទេសកម្ពុជាវិញ ដោយជោគជ័យនៅពេលនេះ ។

គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តនីតិវិធី និងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលប្រទេស អារ៉ាប៊ីសាអូឌីត ដើម្បីបញ្ជូនបងប្អូនពលរដ្ឋខ្មែរ ដែលចាញ់បោកមេខ្យល់ មកកាន់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព ខណៈពលរដ្ឋដែល នៅសេសសល់ទាំងប៉ុន្មាន បាននិងកំពុងស្នាក់កន្លែងសុវត្ថិភាព និងមានការផ្គត់ផ្គង់ អាហារហូបចុកគ្រប់គ្រាន់ ដែលផ្តល់ដោយស្ថានទូត និងមន្រ្តីខ្មែរ នៅទីនោះផ្ទាល់តែម្តង ៕

To Top