ភ្នំពេញ ៖ ក្រោយពីជោគជ័យធ្វើប្រឡាយបេតុង ដែលបូមពីទឹកទន្លេ ដាក់បញ្ចូលស្រែ នៅខេត្តកំពង់ឆ្នាំង និងបណ្តាខេត្តមួយចំនួន លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយាម បានឲ្យដឹងថា ក្រសួងនឹងមានគម្រោងធ្វើប្រឡាយបែបនេះទៀត នៅខេត្តដទៃទៀត ដើម្បីបំពេញតម្រូវការ របស់ប្រជាកសិករបន្ថែមទៀត ។
កាលពីថ្ងៃ២៨ មេសា រូបភាពប្រឡាយទឹកបេតុង ដែលបូមពីទឹកទន្លេ ដាក់បញ្ចូលស្រែ នៅខេត្តកំពង់ឆ្នាំង ជាច្រើនសន្លឹកត្រូវបានចែកចាយជាបន្តបន្ទាប់ ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានការសាទរផងដែរ ពីសំណាកអ្នកលេងបណ្តាញសង្គម ។
ចំពោះករណីនេះ លោក ចាន់ យុត្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៩ មេសា ថា “បាទ យើងមានច្រើន (គម្រោង) មានស្ទើរតែគ្រប់ខេត្ត ហើយមិនមែនជាប្រឡាយស្រោចស្រពទេ ជាប្រឡាយមេតែម្តងធំៗ មកលើ៥០ទៅ៦០ម៉ែត្រក៏មានដែរ ជាបេតុងសុទ្ធចឹង ។ នេះជាការគិតគូមួយ របស់ក្រសួងនៅក្នុងគម្រោងថា ជាភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ”។
លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺ៥ឆ្នាំមកនេះ ដើម្បីឆ្លើយតបទៅនឹងភាពធន់ នៃការប្រែប្រួលអាកាសធាតុ គឺមានគម្រោងពង្រីកប្រឡាយមេ ជាច្រើនដូចជាប្រឡាយមេគំហត ជាដើម មានរាប់រយគីឡូម៉ែត្រ ដោយធ្វើពីបេតុងសុទ្ធ។
អ្នកនាំពាក្យគូសបញ្ជាក់បន្ថែមថា ប្រឡាយដីមេដើម្បីបង្ហូរទឹក មានស្ទើរតែនៅគ្រប់២៥រាជធានី-ខេត្ត ប៉ុន្តែប្រឡាយដែលធ្វើពីបេតុងនេះ នៅមានចំនួនតិចខេត្តនៅឡើយ ដែលទាមទារឲ្យធ្វើថែមទៀត ៕