បរទេស៖ តុលាការក្នុងប្រទេសថៃ នៅថ្ងៃចន្ទនេះបានកាត់ទោសសកម្មជន ប្រជាធិបតេយ្យឈានមុខគេម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំបន្ថែមទៀត ពីបទប្រមាថព្រះមហាក្សត្រ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា វាជាការចោទប្រកាន់ចុងក្រោយបំផុត ប្រឆាំងនឹងមេធាវីសិទ្ធិមនុស្សដ៏ល្បីឈ្មោះ គឺលោក Arnon Nampa ដែលឥឡូវប្រឈមនឹង ការជាប់ពន្ធនាគារជាង ១០ ឆ្នាំ។
បច្ចុប្បន្នលោក Arnon Nampa កំពុងជាប់ពន្ធនាគារ បន្ទាប់ពីលោកត្រូវបានកាត់ទោសរយៈពេល ៤ ឆ្នាំកាលពីខែមករា លើសារចំនួន ៣ ដែលត្រូវបានបង្ហោះនៅលើ Facebook ក្នុងឆ្នាំ ២០២១ ដោយបន្ថែមទៅលើរយៈពេល ៤ ឆ្នាំដែលលោកកំពុងជាប់ពន្ធនាគារ សម្រាប់ការកាត់ទោសប្រមាថព្រះមហាក្សត្រពីមុន។
ក្រុមអ្នករិះគន់និយាយថា រដ្ឋាភិបាលថៃ បានប្រើប្រាស់ច្បាប់ដ៏តឹងរ៉ឹងនេះ ដើម្បីបំបិទមាត់អ្នកប្រឆាំង ដោយកាត់ទោសក្រោមច្បាប់ដ៏តឹងរ៉ឹង ដែលការពារព្រះមហាក្សត្រ Maha Vajiralongkorn និងក្រុមគ្រួសាររាជវង្ស៕
ប្រែសម្រួលៈ ណៃ តុលា