ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំប្រជុំត្រួតពិនិត្យ សេចក្ដីព្រាងការរៀបចំ វិសោធនកម្មអនុក្រឹត្យ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង  ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យឡើងវិញ នូវវឌ្ឍនភាព នៃការងារវិភាគមុខងារ និង ធនធានក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំសេចក្ដីព្រាង វិសោធនកម្ម អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានានូវប្រសិទ្ធភាព សក្ដិសិទ្ធិភាព  និងគណនេយ្យភាព នៃការដឹកនាំ និងគ្រប់គ្រងវិស័យ អភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋលេខាធិការប្រចាំការ បានធ្វើសេចក្ដីរាយការណ៍ អំពីវឌ្ឍនភាព និងទិសដៅបន្ត នៃការកែសម្រួលអនុក្រឹត្យនេះ ។

បន្ទាប់មក លោករដ្ឋមន្ត្រី បានផ្ដល់វេទិកាឲ្យមានការពិភាក្សា លើការវិភាគមុខងារថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងធ្វើការកែតម្រូវសេចក្ដីព្រាង អនុក្រឹត្យថ្មីដែលបានរៀបចំ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី បានលើកឡើងបន្ថែមទៀត ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ដោយពិនិត្យមើលរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងយន្តការក្នុងក្របខ័ណ្ឌ អន្តរក្រសួង អន្តរស្ថាប័នឲ្យបានរួចរាល់នៅឆ្នាំ២០២៤នេះ៕

To Top