បរទេស៖ ហ្វីលីពីន នៅថ្ងៃពុធនេះ បានចោទប្រកាន់ទៅលើឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន ពីបទបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាពីរគ្រឿងបានរងការខូចខាតដោយសារការប្រើប្រាស់កាណុងបាញ់ទឹកដោយទីក្រុងប៉េកាំង។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីហ្វីលីពីនបាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រ និងកប៉ាល់នេសាទរបស់ខ្លួន បានរងការខូចខាត នៅពេលដែលនាវាឆ្មាំសមុទ្រចិន បានបាញ់កាណុងបាញ់ទឹកមកលើពួកគេ ខណៈកំពុងធ្វើដំណើរទៅកាន់ដែនទឹក Scarborough ដែលមានជម្លោះ កាលពីថ្ងៃអង្គារដើម្បីជួយអ្នកនេសាទហ្វីលីពីននៅសមុទ្រ។
Commodore Jay Tarriela អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង បាននិយាយថា សមភាគីចិនបានបង្កើនភាពតានតឹង បន្ទាប់ពីចិនបានប្រើកាណុងបាញ់ទឹកដោយផ្ទាល់ប្រឆាំងនឹងនាវាមួយរបស់ខ្លួនជាលើកដំបូង។
លោក Tarriela បានប្រាប់សារព័ត៌មានខ្លីមួយថា «វាគ្រាន់តែបង្ហាញថា Goliath ក្លាយជា Goliath កាន់តែខ្លាំង។ ពួកគេមិនស្ទាក់ស្ទើរក្នុងការប្រើកម្លាំងសាហាវដើម្បីបំពានច្បាប់អន្តរជាតិ»។
កន្លងមកចិនធ្លាប់ប្រើកាណុងបាញ់ទឹកប្រឆាំងនឹងនាវាផ្គត់ផ្គង់ស៊ីវិលដែលបង្កើតដោយកងទ័ពជើងទឹកហ្វីលីពីននៅក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ តុលា