ភ្នំពេញ ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅអាគារ The Kampus សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) និងភេសជ្ជៈ ប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួត បាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦» ក្រោមអធិបតីភាពរបស់ លោកខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មការ ប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រង ក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខភេសជ្ជៈប៉ូវកម្លាំងM-150 ។
លោកសុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនអេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 ពិតជាមានសេចក្តីរីករាយណាស់បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត និងមាន រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ ដើម្បីចូលរួមចំណែក ជាមួយសហពន្ធយុវជនកម្ពុជា ក៏ដូចជារដ្ឋាភិបាល ក្នុងការគាំទ្រវិស័យកីឡា នៅប្រទេសកម្ពុជាអោយកាន់ តែមានភាពរីកចំរើនជាបន្តបន្ទាប់ ។ ទស្សនៈវិស័យរបស់ក្រុមហ៊ុនអេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 គឺនៅតែ បន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចង់ឃើញប្រជាជនខ្មែរ គ្រប់រូបចូលរួមលេងកីឡា កីឡាអ្វីក៏ដោយអោយតែចូលចិត្ត ដើម្បីទទួលបានសុខភាពល្អ បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើ អបាយមុខផ្សេងៗ ។
លោក ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអេច អេស ស៊ី និងភេសជ្ជៈប៉ូវកម្លាំងM-150 ដែលតែងតែចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍កីឡានានា នាពេលកន្លងមក ទាំងព្រឹត្តិការណ៍ប្រកួតបាល់ពានរង្វាន់ Soccer Leagueលើកទី៦ឆ្នាំ២០២៣ និងបន្តគាំទ្ររយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ បន្ថែមទៀត ដែលការចូលរួមយ៉ាងសកម្មនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយអោយការរៀបចំព្រឹត្តិការប្រកួតបាល់ពានរង្វាន់ Soccer League ដំណើរការរបានលូន និងជោគជ័យតាមការគ្រោងទុក ក៏ដូចជាសក្ខីភាពបង្ហាញពីគោលជំហរយ៉ាងមុតមាំ របស់ក្រុមហ៊ុន អេច អេស ស៊ី និងM-150 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាអោយកាន់តែរឹងមាំ រីកចម្រើន និងស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Soccer League លើកទី៧នេះនឹងចាប់ផ្តើមបើកជាផ្លូវការនៅ ខែមិថុនា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ដោយមានក្រុមបាល់ទាត់សរុបចំនួន ៦១ ក្រុមចូលរួម ក្នុងនោះ ក្រុមបាល់ ទាត់នារីមានចំនួន១៣ក្រុម ៕