ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាល្លឺម៉ង់ ទំនងនឹងធ្វើសមយុទ្ធ កម្លាំងជើងគោករួមគ្នាលើកដំបូង នៅឆ្នាំក្រោយ

AFP

តូក្យូ៖ យោងតាមរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានឲ្យដឹងថា កងទ័ពអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងចូលរួមសមយុទ្ធជាមួយ កងកម្លាំងស្វ័យការពារដីរបស់ជប៉ុន នៅដើមឆ្នាំក្រោយនេះ បើប្រឆាំងនឹងការកសាងយោធារបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង។

នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរ កាលពីពេលថ្មីៗនេះជាមួយសារព័ត៌មានក្យូដូ លោក Pistorius បានបង្ហាញថា សមយុទ្ធរួមគ្នានាពេលខាងមុខ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសជប៉ុន នឹងក្លាយជាប្រភេទលើកដំបូង រវាងកងកម្លាំងជើងគោករបស់ប្រទេសទាំងពីរ។

ការអភិវឌ្ឍន៍នេះកើតឡើង នៅពេលដែលប្រទេសអាល្លឺម៉ង់ បានពង្រឹងទំនាក់ទំនងជាមួយ ដៃគូឥណ្ឌូប៉ាស៊ីហ្វិក ហើយបានសង្កត់ធ្ងន់ លើបេសកកម្មរបស់ខ្លួនក្នុងការ “រក្សានូវសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់”។

លោក Pistorius បានចង្អុលបង្ហាញថា គ្មានសញ្ញាណាមួយដែលបង្ហាញថា ប្រទេសចិន នឹងបោះបង់ចោលការទាមទារទឹកដី របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ខណៈដែលទីក្រុងប៉េកាំងនៅតែ បន្តដាក់ពង្រាយឆ្មាំឆ្នេរសមុទ្រ កងជីវពលដែនសមុទ្រ ក៏ដូចជាកងកម្លាំងសមុទ្រ និងទ័ពអាកាសនៅក្នុងដែនទឹក ដែលពាក់ព័ន្ធដើម្បីអនុវត្តការទាមទាររបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិបានឲ្យដឹងថា “យើងកំពុងសង្កេតមើលការ វិវឌ្ឍន៍ទាំងនេះដោយក្តីបារម្ភ” ដោយសង្កត់ធ្ងន់លើទំនួលខុសត្រូវ ដ៏សំខាន់របស់ប្រទេសចិន ចំពោះសន្តិភាព និងស្ថិរភាពពិភពលោក។ លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសចិន គឺជាដៃគូសម្រាប់ប្រទេសអាឡឺម៉ង់ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រើប្រាស់ទំនាក់ទំនងទាំងនេះ។

លោក Pistorius បានបន្ដថា មន្ត្រីមកពីកងទ័ពអាល្លឺម៉ង់ថ្មីៗនេះ បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីសម្របសម្រួលការចូលរួម របស់ពួកគេនៅក្នុងសមយុទ្ធ GSDF ។

កិច្ចសហការនេះធ្វើឡើងបន្ទាប់ពី ការបញ្ចប់កិច្ចព្រមព្រៀងការពារជាតិ របស់ពួកគេកាលពីដើមឆ្នាំនេះ ក្នុងគោលបំណងសម្របសម្រួល ការផ្លាស់ប្តូរការផ្គត់ផ្គង់ និងការគាំទ្រផ្នែកភស្តុភារ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top