ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មានជិត២ពាន់​នាក់ ធ្វើតេស្តរកសារធាតុញៀន

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១៨៤០នាក់​ នៃក្រសួងព័ត៌មានធ្វើតេស្តរកសារធាតុញៀន ដែលជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ។

យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នាថ្ងៃទី៧ ឧសភានេះ បានលើកឡើងថា ការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក​រដ្ឋមន្ត្រីបានថ្លែងថា៖«យើងទាំងអស់គ្នាមានកាតព្វកិច្ច ក្នុងការធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នា រាប់ទាំងរូបខ្ញុំផងដែរ»។

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ត្រូវធ្វើជាគំរូដល់អ្នកដទៃទៀត ក្នុងការធ្វើតេស្តរហ័ស រកសារធាតុញៀនខុសច្បាប់ និងមិនត្រូវមានការពាក់ព័ន្ធ ជាមួយនឹងគ្រឿងញៀនជាដាច់ខាត ៕

To Top