ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតា ប្រចាំកម្ពុជា បានបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
ក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូត ប្តេជ្ញាជំរុញ និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរឱ្យឈាន ដល់កម្រិតខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានគោរពជម្រាបជូន សម្តេចធិបតី អំពីបំណង ក្នុងការសម្របសម្រួល និងជំរុញវិនិយោគិន របស់ប្រទេសកាតា ឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។
ជាការឆ្លើយតប សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់ លោកឯកអគ្គរាជទូតក្នុងការជំរុញ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាតា ឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត ដោយសម្តេចធិបតី បានគូសបញ្ជាក់ផងថា «រាជរដ្ឋាភិបាលកម្ពុជា តែងតែបើកចំហ ស្វាគមន៍ និងគាំទ្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ»។
សម្តេចធិបតី និងឯកអគ្គរាជទូត ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តជំរុញ និង លើកកម្ពស់នូវទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ:។
មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានជំនួបធុរកិច្ច រវាងបណ្តាក្រុមហ៊ុន នៃប្រទេសកាតា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឱ្យ លោកឯកអគ្គរាជទូត ដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងនេះ ឱ្យកាន់តែប្រសើរឡើង៕