ព័ត៌មានអន្តរជាតិ

Update ៖ ក្រុមហាម៉ាស់ អំពាវនាវសុំឲ្យសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអ៊ែល ឲ្យបញ្ឈប់ការ វាយលុកលើក្រុង Rafah

ហ្គាហ្សា៖ កាលពីថ្ងៃអង្គារ ក្រុមចលនាតស៊ូឥស្លាម ដែលគេហៅថា (ហាម៉ាស់) បានអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអ៊ែល ឱ្យបញ្ឈប់ការវាយលុក ច្រកព្រំដែនក្រុង Rafah ដែលជាប់ជាមួយ ប្រទេសអេហ្ស៊ីប។

ក្រុមហាម៉ាស់បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះគឺជាការកើនឡើង ដ៏គ្រោះថ្នាក់មួយប្រឆាំង នឹងកន្លែងជនស៊ីវិលដែលត្រូវបានការពារ ដោយច្បាប់អន្តរជាតិ ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍ មនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងទីតាំងនេះ ដោយបិទច្រក និងរារាំងលំហូរនៃជំនួយសង្គ្រោះ បន្ទាន់តាមរយៈច្រកនេះទៅកាន់ពលរដ្ឋ ដែលត្រូវបានឡោមព័ទ្ធរបស់យើង ។

ក្រុមហាម៉ាសបានឲ្យដឹងទៀតថា ការកើនឡើងនេះគំរាមកំហែង ដល់អាយុជីវិតរបស់ជនស៊ីវិល រាប់សែននាក់ដែលភៀសខ្លួននៅក្នុងទីក្រុង Rafah និងតំបន់ហ្គាហ្សា ស្ទ្រីប ទាំងមូល។

យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានគ្រប់គ្រងផ្នែកខាងហ្គាហ្សា នៃច្រកព្រំដែន Rafah ក្នុងការវាយប្រហារមួយយប់ ។ ផ្លូវឆ្លងកាត់ដែលបានបម្រើជាផ្លូវឆ្លង កាត់សម្រាប់ជំនួយមនុស្សធម៌ ពីប្រទេសអេហ្ស៊ីបទៅកាន់ តំបន់ហ្គាហ្សាដែលហែកហួរ ដោយសង្រ្គាមនោះ ត្រូវបានបិទដំណើរការហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top