ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់អំពាវនាវ អោយពលរដ្ឋចូលរួមថែរក្សាការការពារ និងអភិរក្សតំបន់ទេសចរបៃតងធម្មជាតិភ្នំ ១៥០០ ហៅថាផ្លូវអន្ទង់អាំង បុប្ផាលាក់ខ្លួន !

ពោធិ័សាត់: រដ្ឋបាលខេត្តពោធិ័សាត់ នៅថ្ងៃ ទី ៧ ខែ ឧសភា ឆ្នាំ ២០២៤ បានចេញលិខិតអំពាវនាវអោយប្រជាពលរដ្ឋ និង មន្ត្រីរាជការ ត្រូវចូលរួមជាមួយអាជ្ញាធរដើម្បីរួមគ្នាការពារថែរក្សា និង អភិរក្សតំបន់ទេសចរធម្មជាតិបៃតងភ្នំ ១៥០០ ហៅថាផ្លូវអន្ទង់អាំង ឬ បុប្ផាលាក់ខ្លូនស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ផ្លូវអន្ទង់អាំងតំបន់ភ្នំ ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសការពារដោយច្បាប់គឺជាសក្តានុពលទេសចរធម្មជាតិបៃតងគ្មានពីររបស់ខេត្តពោធិ៍សាត់ក៍ដូចជាទូទាំងព្រះជាណាចក្រកម្ពុជាដែលជាផ្ទាំងទស្សនីយភាពដ៍សែនមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

ដោយសារលក្ខណះសម្បត្តិដ៍សម្បូរណ៌បែបបង្កប់ខ្លួននៅក្នុងព្រៃជ្រលងដងអូរ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជាបានប្រសិទ្ធនាមថា “បុប្ផាលាក់ខ្លួន”ហើយការប្រសិទ្ធនាមនេះបានធ្វើអោយសាធារណះជនគ្រប់ទិសទីមានការចាប់អារម្មណ៍ និង ពេញចិត្ត និង ដក់ជាប់ក្នុងក្រអៅបេះដូងមនុស្សជាតិគ្រប់ៗរូបជារៀងរហូតមក។

ការថែរក្សា ការការពារអភិរក្ស និង ការស្តារគម្របបៃតងឡើងវិញនៅផ្លូវអន្ទង់អាំងឬបុប្ផាលាក់ខ្លួនគឺជាការបំពេញនូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ក៍ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និង ភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលមកលម្ហែស្រូបយកខ្យល់អាកាសធម្មជាតិដ៍ត្រជាក់បរិសុទ្ធ និង គយគន់ផ្ទាំងទស្សនីយភាពដ៍ល្អប្រណីតគ្មានពីរនេះ។

ដោយមើលឃើញពីគុណសម្បត្តិ គុណប្រយោជន៍ដ៍ធំធេងនៃការថែរក្សា ការការពារ ការអភិរក្ស និង ការស្តារគម្របបៃតងឡើងវិញនៅផ្លូវអន្ទង់អាំងឬបុប្ផាលាក់ខ្លួននោះ គឺមានប្រជាពលរដ្ឋមួយចំនួនធំបានស្ម័គ្រចិត្ត និង សាទរប្រគល់ទីតាំងជូនរដ្ឋបាលខេត្តដោយគ្រាន់តែសំនូមពរអោយរដ្ឋបាលខេត្តពិនិត្យលទ្ធភាពផ្តល់កន្លែងរស់នៅអាចប្រកបមុខរបរបានតែប៉ុណ្ណោះ រីឯអ្នកមួយចំនួនតូចនៅមានការរារែកក្នុងការចូលរួមដោយសារពួកគាត់ពុំទាន់មានការយល់ច្បាស់អំពីគុណសម្បត្តិដ៍ធំធេងនៃការអភិរក្ស និង ការស្តារគម្របបៃតងឡើងវិញនៅតំបន់នេះ។

ចំពោះការចុះផ្សាយ និង លើកឡើងនៅក្នុងបណ្តាញសង្គមថារដ្ឋបាលខេត្តអោយរុះរើផ្ទះ និង ដំណាំផ្សេងៗគឺជាមតិយល់ឃើញរបស់អ្នកមួយចំនួនតូចតែប៉ុណ្ណោះដែលមានការញុះញង់ពីអ្នកខាងក្រៅ។មកទល់និងពេលនេះ រដ្ឋបាលខេត្តមិនទាន់បានបង្ខំឬណែនាំអោយពលរដ្ឋណាមួយរុះរើនៅឡើយទេ។

បើទោះបីការអភិរក្សផ្លូវអន្ទង់អាំងឬបុប្ផាលាក់ខ្លួនបានបម្រើផលប្រយោជន៍សាធារណះយ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅជាពិសេសប្រជាពលរដ្ខនៅខេត្តពោធិ៍សាត់យ៉ាងណាក្តី ក៍រដ្ឋបាលខេត្តពោធិ៍សាត់នៅតែយកចិត្តទុកដាក់ នូវ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំដែរ៕

To Top