ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានទទួលថវិកាមូលនិធិ ជាង ៦៥ ម៉ឺនដុល្លារ ដើម្បីទុកប្រើប្រាស់ លើការងារមនុស្សធម៌

កំពង់ចាម ៖ ក្នុងពិធីអបអរ ខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ និង ពិធីប្រកាសទទួលស្គាល់ គណៈកិត្តិយសសាខា អាណត្តិទី៥ នៅសាលាខេត្កកំពង់ចាម នាព្រឹកថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២៤ គណកម្មាធិការសាខា បានទទួលថវិកាមូលនិធិជាង ៦៥ ម៉ឺនដុល្លារអាមេរិក ដើម្បីទុកទ្រទ្រង់ប្រើប្រាស់លើការងារមនុស្សធម៌ ។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេតកំពង់ចាម អាណត្តិទី៥ និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវទំនុកចិត្ត ក៏ដូចជាបានផ្ដល់នូវឱកាស ឲ្យរូបលោកបានបំពេញបេសកកម្ម មនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងសង្គមជាតិជាពិសេស ក្នុងខេត្តកំពង់ចាម ។

លោកសន្តិបណ្ឌិត ក៏បានថ្លែងបង្ហាញ នូវសេចក្តីគោរពកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានខិតខំបំពេញសកម្មភាព មនុស្សធម៌យ៉ាងផុលផុស មិនខ្លាចនឿយហត់ ប្រកបដោយទឹកចិត្តមោះមុត សណ្ដូស ប្រណី រួមចំណែក ជួយសម្រួលទុក្ខលំបាក ដល់ជនមេរងគ្រោះ និងជនរងគ្រោះ គ្រប់ទីកន្លែង ដែលបានជួបវិបត្តិដូចជា ៖ គ្រោះមហន្តរាយ ជំងឺឆ្លងរាតត្បាត និងវិបត្តិនានា ។

ម្យ៉ាងទៀត កាកបាទក្រហមកម្ពុជាតែងតែសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល បំពេញតួនាទីមនុស្សធម៌យ៉ាងសំខាន់ ដែលបានជួយដល់គោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ចូលរួមកាត់បន្ថយអត្រាក្រីក្រ លើកកម្ពស់សុខមាលភាព និងកម្រិតជីវភាព និងដោះស្រាយទាន់ពេលចំពោះ បញ្ហារជាយថាហេតុនានា ដែលទាំងអស់នេះ ស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

To Top