ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការដែលគ្រប់គ្នា អាចជួបជុំនាំគ្នា កសាងនូវសមិទ្ធផល នៅក្នុងវត្តសិរីសោភា (ហៅវត្តអង្គតាម៉ិញ)បាន ដោយសាររស់នៅ ក្នុងដំបូលសន្តិភាព ទើបបានផ្ដល់ឱកាស ឲ្យជួបជុំធ្វើបុណ្យរួមគ្នា ។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រីនេះ ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីសោភា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃ៩ ឧសភា ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា “សមិទ្ធផលដែលសម្ពោធនៅពេលនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ។ យើងទាំងអស់គ្នាត្រូវចងចាំថា ការដែលយើងអាចជួបជុំនាំគ្នា កសាងនូវសមិទ្ធផលនៅក្នុងទីនេះបាន គឺដោយសារយើងរស់នៅក្នុងដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន” ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សន្តិភាព ស្ថេរភាពនយោបាយ បាននាំឲ្យមានឱកាស ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ជាមួយនឹងការ ធ្វើឲ្យប្រទេសជាតិ មានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់ ដឹកនាំកំពូលៗ នៃប្រទេសមហាអំណាច នៅលើពិភពលោក ក៏បានមកចូលរួម ហើយកម្ពុជារក្សាបានសន្តិសុខពេញលេញ សម្រាប់ថ្នាក់ដឹកនាំទាំង នោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ បានមកពីសម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានប្ដូរជីវិត ចំពោះជាតិតាំងពីឆ្នាំ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញ នៅទូទាំងប្រទេសនៅឆ្នាំ១៩៩៨ ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានស្នើពលរដ្ឋ គាំទ្រការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យ សម្រាប់ជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងពីប្រវត្តិនៃវត្តអង្គតាម៉ិញថា ទីតាំងវត្តនេះពីមុនជាវាលស្រែ ដែលម្ចាស់ដីស្រែនោះ ឈ្មោះលោកតាម៉ិញ។ តាម៉ិញ គាត់បានប្រគល់ដីនេះ ជូនព្រះសង្ឃហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះវត្តនេះ ជាអង្គតាម៉ិញ ក្នុងឆ្នាំ១៨៩៨។ បច្ចុប្បន្ន វត្តអង្គតាម៉ិញបានប្រើឈ្មោះមួយទៀត គឺវត្តគោកចំបក់ ។ ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារទីវត្តអារាមនេះ មានដើមចំបក់ដ៏ធំមួយ ។ វត្តអង្គមិញ គិតមកដល់ពេលនេះ មានអាយុកាល១២៦ឆ្នាំហើយ ជាវត្តមានបារមីស័កសិទ្ធ ដែលធ្វើឲ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមានជំនឿជឿង ជាក់យ៉ាងខ្លាំងផងដែរ ។
អភិបាលរាជធានីបន្ថែមទៀតថា ចំពោះសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ពេលនេះ ដូចជា ការកសាងប្រាសាទ ការពង្រីកសាលាធម្មសភា ការកសាងព្រះពុទ្ធរូបអង្គធំកម្ពស់១៥ ម៉ែត្រមួយអង្គ ជាមួយនឹងព្រះពុទ្ធរូបតូចៗ ចំនួន១៤អង្គ គំនូរនិងសមិទ្ធផលផ្សេងៗទៀត ដែលសរុបជាប្រាក់ ប្រមាណ៣០ម៉ឺនដុល្លារ៕