ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោង​នឹង ​បន្ថែម​ប្រភេទ​ ត្រី​បាឡែន​មួយ ​ប្រភេទ​ទៀត ទៅក្នុង​បញ្ជី​ ប្រមាញ់​ពាណិជ្ជកម្ម

តូក្យូ ៖ អ្នកនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹង បន្ថែមប្រភេទត្រីបាឡែន មួយប្រភេទទៀត ទៅក្នុងបញ្ជីប្រមាញ់ពាណិជ្ជកម្មរបស់ខ្លួន ដោយបានបន្តសកម្មភាពនេះ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានផ្អាក អស់រយៈពេលជាង ៣ ទសវត្សរ៍ ។

ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានឲ្យដឹងថា ទីភ្នាក់ងារជលផលបាននឹង កំពុងប្រមូលមតិ ពីសាធារណជនចាប់តាំងពីថ្ងៃអង្គារ ទាក់ទងនឹងផែនការ របស់ខ្លួនក្នុងការ ចាប់ផ្តើមបរបាញ់ត្រីបាឡែន ទោះបីជាមានការរិះគន់ ពីបណ្តាប្រទេសប្រឆាំង នឹងការនេសាទត្រីបាឡែន និងក្រុមអភិរក្សក៏ដោយ។

ប្រទេសជប៉ុន បានស្វែងរកជាយូរមកហើយនូវការយល់ដឹងអំពីគោលនយោបាយរបស់ខ្លួន ដែលត្រូវបានគេមើលឃើញថា ចាំបាច់ដើម្បីរក្សាប្រពៃណី នៃការនេសាទត្រីបាឡែន របស់ខ្លួននៅក្នុងតំបន់ដោយថា ខ្លួនបានប្តេជ្ញាចិត្តចំពោះ “កិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការគ្រប់គ្រង ធនធានសត្វសមុទ្រឱ្យបានត្រឹមត្រូវ” ។

មកទល់ពេលនេះ ប្រទេសជប៉ុន បានចាប់បានត្រីបាឡែនចំនួន ៣ប្រភេទគឺ Bryde’s, minke និង sei ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Hayashi បានឲ្យដឹងថា ទីភ្នាក់ងារនឹងអនុវត្តគម្រោងនេះ ក្នុងលក្ខណៈសមស្របមួយ បន្ទាប់ពីទទួលបានមតិ សាធារណៈរហូតដល់ដើមខែក្រោយ។

ប្រទេសជប៉ុន ដែលជាប្រទេសដែនសមុទ្រ បានចាប់ផ្តើមការនេសាទត្រីបាឡែន ពាណិជ្ជកម្មឡើងវិញនៅក្នុងដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ខ្លួនកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់គោលបំណងពាណិជ្ជកម្ម មួយថ្ងៃបន្ទាប់ពីការ ដកជាផ្លូវការពីគណៈកម្មការនេសាទ ត្រីបាឡែនអន្តរជាតិ។

ក្នុងនាមជាសមាជិក IWC ប្រទេសជប៉ុន បានបញ្ឈប់ការនេសាទត្រី បាឡែនពាណិជ្ជកម្មក្នុងឆ្នាំ១៩៨៨ ប៉ុន្តែប្រទេសអាស៊ីមួយនេះ បានបន្តចាប់ត្រីបាឡែន ក្រោមការបង្ហាញពីការធ្វើដូច្នេះ សម្រាប់គោលបំណងស្រាវជ្រាវ ដែលជាការអនុវត្ត ដែលត្រូវបានរិះគន់ជាអន្តរជាតិថា ជាការបិទបាំងសម្រាប់ការនេសាទត្រីបាឡែនពាណិជ្ជកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top