ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ស៊ូដង់​៖ គ្មាន​ការ​ចរចា​បទ​ឈប់​បាញ់​នោះទេ ​រហូត​ទាល់​តែ​កង​កម្លាំង​ប៉ារ៉ា ទទួលយកការចុះចាញ់

AFP

ស៊ូដង់៖ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព អន្តរកាលរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan បានឲ្យដឹងថា នឹងមិនមានការចរចា ឬបទឈប់បាញ់គ្នានោះទេ រហូតដល់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ត្រូវបរាជ័យ។

ក្រុមប្រឹក្សាអធិបតេយ្យភាព បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Al-Burhan ដែលជាមេបញ្ជាការទូទៅ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានធ្វើការកត់សម្គាល់នៅពេលថ្លែង ទៅកាន់កងកម្លាំងយោធានៅក្នុងរដ្ឋ River Nile ភាគខាងជើងនៃប្រទេសស៊ូដង់។

លោក Al-Burhan បានលើកឡើងថា “នឹងមិនមានការចរចា គ្មានសន្តិភាព និងគ្មានបទឈប់បាញ់ លើកលែងតែបន្ទាប់ពីការកម្ចាត់ការបះបោរនេះ ដូច្នេះប្រទេសនេះអាចរស់នៅដោយសន្តិភាព” ។

ការកត់សម្គាល់របស់លោក Al-Burhan បានកើតឡើងមួយថ្ងៃបន្ទាប់ពី ការប្រយុទ្ធគ្នាដោយហិង្សារវាងកងកម្លាំង SAF និង RSF នៅក្នុងរដ្ឋ North Kordofan នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃអង្គារ កងកម្លាំង SAF បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា កងពលធំថ្មើរជើងទី៥ របស់កងទ័ពបានទទួលជ័យជម្នះនៅក្នុងទីក្រុង El Obeid រដ្ឋធានីនៃរដ្ឋ North Kordofan ។

ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំង RSF កាលពីថ្ងៃពុធបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយលុកការវាយប្រហារដោយកងកម្លាំង SAF នៅក្នុងរដ្ឋ North Kordofan ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top