ភ្នំពេញ ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថល ឈានមុខគេ នៅក្នុងពិភពលោក កំពុងចេញ នូវយុទ្ធនាពាំនាំ នូវប្រភពចំណេះដឹងបន្ថែម ដើម្បីជួយពាណិជ្ជករកម្ពុជា ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ក្នុងការទាញយកអត្ថប្រយោជន៍ ពេញលេញចេញពីដំណោះស្រាយទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន Visa ដើម្បីបង្កើនប្រសិទ្ធភាព នៃការលក់ និងបទពិសោធន៍ទិញទំនិញ របស់អតិថិជន ជាពិសេស ក្នុងវិស័យទេសចរណ៍ផ្ទាល់តែម្តង ។
នេះគឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការផ្តល់សិទ្ធិអំណាច ដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការលើក ស្ទួយវិស័យ ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដែលជាវិស័យដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ច តាមរយៈការជម្រុញម្ចាស់អាជីវកម្ម ឲ្យងាកមកប្រើប្រាស់វិធីសាស្ត្រ ទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែច្រើនឡើង ។
កម្រងជំនួយ អាជីវកម្ម អនឡាញ ដែលមាននៅក្នុងគេហទំព័រ [ហេតុអ្វីទទួលយកការ ទូទាត់ប័ណ្ណឥណទាន សម្រាប់អាជីវកម្ម | Visa ] នឹងផ្តល់ការ ណែនាំលម្អិត ជូនដល់ពាណិជ្ជករជាជំហានៗ ក្នុងនោះរួមមានជា ភាសាខ្មែរ និង ភាសាអង់គ្លេស ដោយមានទាំង សេចក្តីពន្យល់ សម្រាប់អ្នកគិតលុយ ពីរបៀបចាប់ផ្តើម និងបញ្ចប់ប្រតិបត្តិការ ទូទាត់តាមរយៈឌីជីថលជាដើម ។ កម្មវិធីកញ្ចប់ជំនួយ អនឡាញនេះ ភាគច្រើនពិពណ៌នាអំពីមុខងារ នៃលក្ខណៈសម្បតិ្ត ប្រភេទ Visa កាត ដែលមានផ្ទុកបច្ចេកវិទ្យា contactless ដោយការ សំគាល់លើនិមិត្តសញ្ញា contactless និងការណែនាំអំពីរបៀប ដែលអតិថិជន អាចដាក់កាតរបស់ខ្លួន ប៉ះជាមួយនឹងម៉ាស៊ីន គិតលុយដោយផ្ទាល់ ដើម្បីធ្វើការទូទាត់ – ដែលវាជាបទពិសោធន៍ដ៏ពេញនិយម ក្រោយការរីករាលដាល នៃការឆ្លងមេរោគ កូវីដ-១៩ ។
តាមរយៈការសិក្សា ចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Visa ស្តីពីគោលបំណងនៃការធ្វើដំណើរសកល (Global Travel Intentions -GTI) បានចង្អុល បង្ហាញថា អ្នកដំណើរ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណជា ៩៧ភាគរយ បានជ្រើសរើសការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ម្យ៉ាងទៀតក្រោយ វិបត្តិនៃរាតត្បាតរបស់កូវីត ចំនួនអ្នកដំណើរ ដែលនាំយកសាច់ប្រាក់សុទ្ធតាមខ្លួន មានការថយចុះប្រមាណជា ៦០ភាគរយ ។ តាមរយៈចម្លើយ របស់អ្នកចូល រួមស្ទង់មតិ នៅក្នុងឆ្នាំ ២០២៣ មានអ្នកដំណើរប្រមាណជា ៣១ភាគរយ តែប៉ុណ្ណោះ ដែលបន្តកាន់សាច់ប្រាក់សុទ្ធតាមខ្លួន ក្នុងអំឡុងពេលពួក គាត់ធ្វើដំណើរ ហើយទិន្នន័យនេះ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ គឺមានប្រមាណរហូតដល់ ៧៩ភាគរយ ។ នេះសបញ្ជាក់ថា ជម្រើសក្នុងការទូទាត់ តាមរយៈឌីជីថល គឺកាន់តែមានសារៈសំខាន់សម្រាប់ទទួលបាន នូវបទពិសោធន៍ ការធ្វើដំណើរដ៏អស្ចារ្យ ។
តាមរយៈការប្រើប្រាស់ម៉ាស៊ីនទូទាត់ របស់ក្រុមហ៊ុន Visa អាជីវករមានសិទ្ធិអាចប្រើប្រាស់ម៉ាកសញ្ញារបស់ក្រុមហ៊ុន Visa ដែលត្រូវបានគេទទួលស្គាល់ថា ជាម៉ាកសញ្ញា ដ៏ល្បីល្បាញនៅក្នុងពិភពលោក នឹងជាស្លាកយីហោដ៏មានគុណតម្លៃខ្ពស់ ស្ថិតនៅក្នុងលំដាប់ទីប្រាំមួយនៅក្នុងពិភពលោក ។ ច្បាប់ និងដំណើរការដោះស្រាយវិវាទរបស់ក្រុមហ៊ុន Visa គឺធ្វើឡើងដើម្បីការពារ រាល់អាជីវកម្ម ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម រួមទាំងអ្នកប្រើប្រាស់ ក្នុងនោះដែរ ដំណើរការដោះស្រាយវិវាទរបស់ Visa ក៏ផ្តោតសំខាន់លើការផ្តល់ជូននូវទំនុកចិត្ត ការកែលម្អប្រសិទ្ធភាពនៃការទូទាត់តាមរយៈឌីជីថល នៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដែលកំពុងរីកចម្រើនរបស់កម្ពុជា ។
ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless បានជួយសម្រួលដល់ប្រតិបត្តិទូទាត់ឆ្លងដែន ជំរុញឧស្សាហកម្មទេសចរណ៍ កំពុងតែរីកចម្រើនរបស់កម្ពុជា ដែលវាជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេស។ ចំណូលពីទេសចររបស់កម្ពុជា និងកំណើនភ្ញៀវបរទេស បានកើនឡើងទ្វេដង នៅក្នុងឆ្នាំ ២០២៣ បើធៀបទៅនឹងឆ្នាំមុន។
ថ្មីៗនេះ ក្រសួងទេសចរណ៍ បានដាក់ចេញ នូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” និងគំនិតផ្តួចផ្តើមទាក់ទងនឹងវិស័យទេសចរណ៍ផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេស ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយសមាគមទេសចរណ៍ប៉ាស៊ីហ្វិក (PATA) ដើម្បីជំរុញកម្មវិធីការអភិវឌ្ឍន៍គោលដៅទេសចរ និងភាពធន់ (Tourism Destination Resilience Program) ក្នុងគោលបំណងកសាង ឧស្សាហកម្មទេសចរណ៍មួយ ដែលមានភាពធន់ និងនិរន្តរភាព បន្ថែមទៀតនៅក្នុង ប្រទេសកម្ពុជា។ សព្វថ្ងៃនេះ អ្នកដំណើរដែលមកទស្សនា នៅក្នុងប្រទេសកម្ពុជា អាចប្រើប្រាស់ Visa កាត របស់ពួកគេនៅទីតាំងពាណិជ្ជករជាង ២៣,៥00 នៅទូទាំងប្រទេស ។
អ្នកស្រី Ivana Tranchini នាយិកា គ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “អ្នកប្រើប្រាស់នៅជុំវិញពិភពលោក កំពុងផ្លាស់ប្តូរទៅរកការទូទាត់ដោយប្រើប្រាស់បច្ចេកវិទ្យា Contactless ពីព្រោះបច្ចេកវិទ្យាមួយនេះ អនុញ្ញាតិឲ្យការធ្វើប្រតិបត្តិការមានភាពរហ័ស និងមានសុវត្ថិភាព ។ ធនាគារជាតិ នៃកម្ពុជា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបំពេញតម្រូវការអតិថិជន ដោយពង្រីកជម្រើស សម្រាប់ការទូទាត់ឆ្លងដែន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។” អ្នកស្រីបន្តទៀតថា៖ “ដើម្បីគាំទ្រកំណើន ទេសចរណ៍នៅកម្ពុជា ក្រុមហ៊ុន Visa ប្តេជ្ញាផ្តល់សិទ្ធិ អំណាចដល់ម្ចាស់អាជីវកម្ម តាមរយៈការពង្រឹងសមត្ថភាព ព្រមទាំងផ្តល់ជូននូវវិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ចុងក្រោយបំផុត សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ។ យើងសង្ឃឹមថា ដំណោះស្រាយថ្មីរបស់យើង នឹងអាចជួយសម្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការទទួលយកវិធីសាស្រ្តទូទាត់តាមរយៈឌីជីថលឲ្យកាន់តែ ទូលំទូលាយ ស្របតាមប្រព័ន្ធអេកូទេសចរណ៍ និងឆ្លើយតបទៅនឹងចំណូលចិត្ត របស់អ្នកធ្វើដំណើរនាពេលបច្ចុប្បន្ន” ។
កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless មានសុវត្ថិភាពដូចគ្នាទៅនឹងប្រភេទកាតប្រើបន្ទះឈីបដូច្នោះដែរ ដោយវាបង្កើតលេខកូដប្រតិបត្តិការជាក់លាក់ ដែលប្រើបានតែម្តងគត់ ដើម្បីការពារព័ត៌មាន នៃការទូទាត់។ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless ក៏ធ្វើអោយប្រសើរឡើងនូវលំហូរ សាច់ប្រាក់សម្រាប់ពាណិជ្ជករ និងកាត់បន្ថយការចាត់ចែងសាច់ប្រាក់ ខណៈ ដែលរយៈពេលប្រតិបត្តិការកាន់តែលឿន កាត់បន្ថយការតម្រង់ជួររង់ចាំ និងបង្កើនការលក់ ។
អំពីក្រុមហ៊ុន Visa
ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេ ក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ ។ បេសកកម្មរបស់យើង គឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺ ជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕