ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការការពារ ទប់ស្តាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការយោធភូមិភាគទី៤ ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី ង៉ែត សុវណ្ណអរុណដេត នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានឡើងអានបទបញ្ជាលេខ០១៣ ប.ជ ២០២៤ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្តីពីការប្រើប្រាស់ កងយោធពលខេមរភូមិន្ទ ចូលរួមសហប្រតិបត្តិការ តាមការស្នើសុំរបស់ស្ថាប័ន បរិស្ថាន រដ្ឋបាលព្រៃឈើ និងស្ថាប័នដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើបទបង្ហាញ អំពីលទ្ឋផល នៃកិច្ចប្រតិបត្តិការការ សហការអនុវត្តន៍ នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្រោមការដឹកនាំរបស់បញ្ជាការ ដ្ឋានយោធភូមិភាគទី៤ និងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ ដោយទទួលបានជោគជ័យគួរជាទីមោទនៈ ដោយបានរឹបអូសយកដីព្រៃ ដែលជនល្មើសបានកាប់ទន្រ្ទាន យកបានជាច្រើនរយហិកតា និងបានបំផ្លាញដំណាំកៅស៊ូ និងដំណាំ ស្វាយចន្ទី ដែលបានដាំដុះរួចហើយ បានរាប់ម៉ឺនដើម និងបានចាប់ជនល្មើស ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ចំនួន០៥នាក់ ព្រមទាំងរឹបអូស យកបានវត្ថុតាងជាច្រើនទៀតមួយចំនួន បញ្ជូនទៅស្ថានប័នតុលាការ ដើម្បីអនុវត្តន៍តាមនិតិវិធីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរ ដែនដី មន្ទីរស្ថាប័នអង្គភាពពាក់ព័ន្ធ និងងឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរួមសហការគ្នាក្នុងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដំណើរការរយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ទទួលបាន លទ្ធផលល្អ និងជោគជ័យ ស្របតាមបទបញ្ជា របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនលោកអភិបាលខេត្តទាំង៤ ព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តឧត្តរមានជ័យ ព្រមទាំងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព ក្នុងទិសយោធភូមិភាគទី៤ ព្រះរាជ អាជ្ញា ប្រធានសាលាដំបូង និងបណ្ដាមន្ទីរ ស្ថាប័ន អង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវគោរពប្រតិបត្តិ នូវបទបញ្ជារបស់ប្រមុខរាជ រដ្ឋាភិបាល និងប្រមុខអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឲ្យទទួលបានជោគជ័យ ដោយមិនត្រូវលើកលែង ឬយោគយល់ ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីថែរក្សាគ្រប់គ្រងធនធានធម្មជាតិរបស់យើង ឲ្យនៅគង់វង្សជាយូរអង្វែងតទៅ៕