ព័ត៌មានជាតិ

នាយប៉ុស្តិ៍រដ្ឋបាលឃុំនិទាន រងរបួសធ្ងន់ បន្ទាប់ពីបុរសជនជាតិថៃម្នាក់ ជិះម៉ូតូបំបុក ក្នុងប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន

កំពង់ស្ពឺ ៖ នាយប៉ុស្តិ៍រដ្ឋបាលឃុំនិទាន រងរបួសធ្ងន់ បន្ទាប់ពីបុរសជាជនជាតិថៃម្នាក់ ព្យាយាមបើកបរម៉ូតូគេចវេស ចេញពីកន្លែងត្រួតពិនិត្យ នៅត្រង់ចំណុច ភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។

លោក វរៈសេនីយ៍ឯក ចន សុភិច អធិការនគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថា មុនកើតហេតុកម្លាំង ផ្នែកជំនាញប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកបសេដ្ឋ បានសហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលនិទាន ចុះល្បាតលើផ្លូវលំដល់ត្រង់ ចំណុចភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនមុខសញ្ញា សង្ស័យពាក់ព័ន្ធ និងគ្រឿងញៀនម្នាក់ ឈ្មោះ ឈួន យ៉តវិឈី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិថៃ ស្នាក់នៅក្នុងភូមិ ឃុំខាងលើ ហើយកម្លាំងបាន ធ្វើការត្រួតពិនិត្យ ស្ទាបឆែកឆេរព្រមទាំង បានដកហូតម៉្សៅ ក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀន១កញ្ចប់ និងម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CL-2029 លេខតួនិង លេខម៉ាស៊ីន:9144182 ។ ពេលនោះជនសង្ស័យនេះមិនបានឈប់ទេ បានជិះម៉ូតូបំបុកនាយប៉ុស្ដិ៍ នគរបាលរដ្ឋបាល និទាន ឲ្យដួលនិងរងរបួសជាទម្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ។

លោកបានបន្តទៀតថា ករណីនេះផ្នែកជំនាញប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកបសេដ្ឋ បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕

To Top