ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ប្រចាំកម្ពុជា បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ភាគីទាំងពីរ លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១៣ ឧសភា។
ក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជាកាន់តែរឹងមាំ។
បន្ថែមលើនេះ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា នឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងការទូតរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន។ ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្នកម្ពុជា បានសម្រេចការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញ ការប្រើប្រាស់ថាមពលស្អាតឲ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវ ការបង្កើតរោងចក្រដំណើរការ ដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍ ថាមពលកកើតឡើងវិញ។
ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីសារៈសំខាន់ នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ។ សម្តេចធិបតី មានជំនឿជាក់ថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត៕