ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ជឿជាក់ថា ឥណ្ឌូណេស៊ី នឹងបន្តលើកកម្ពស់ទំនាក់ទំនង ជាមួយកម្ពុជា​និងអាស៊ាន ឱ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញ​ការ​ជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែប្រសើរឡើងថែមទៀត លើគ្រប់វិស័យ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអបអរសាទរចំពោះ លោកបណ្ឌិត ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាច្រើន ដែលឯកអគ្គរដ្ឋទូត អាណត្តិមុនៗសម្រេចបាន ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបង្ហាញការជឿជាក់ថា “ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែប្រសើរឡើងថែមទៀតលើគ្រប់វិស័យ”។

លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានអបអរសាទរលោក ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសកម្ពុជា ។

លោកបណ្ឌិតអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា៕

To Top