ប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសចិន បានព្រមានកូរ៉េខាងត្បូង អំពីការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដោយសង្កត់ធ្ងន់ទៅលើភាពតានតឹង កាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងសេអ៊ូល និងជំរុញឱ្យប្រឆាំងនឹងសម្ពាធបន្ថែមលើ ទំនាក់ទំនងពីការជ្រៀតជ្រែកពីខាងក្រៅ។
មន្ត្រីការទូតកំពូលរបស់ចិន លោក វ៉ាង យី បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់គាត់ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae Yul នៅរដ្ឋធានីរបស់ប្រទេសចិនថា “ភាពលំបាក និងបញ្ហាប្រឈម ដែលកំពុងប្រឈមមុខនឹង ទំនាក់ទំនងកូរ៉េខាងត្បូង-ចិន បានកើនឡើងយ៉ាងច្បាស់” ហើយថាទីក្រុងប៉េកាំង មិនចង់បានស្ថានភាពបែបនេះទេ។
ការកត់សម្គាល់របស់លោក វ៉ាង យី ទំនងជាសំដៅទៅលើទំនាក់ទំនង កាន់តែរឹងមាំរវាងទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ ដែលបន្តដោយរដ្ឋាភិបាលរបស់ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
កាសែតយ៉ុនហាប់ បានរាយការណ៍ថា លោក Cho បានអំពាវនាវឱ្យគ្រប់គ្រង ទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការខ្វែងគំនិតគ្នា ពីការរីករាលដាលទៅជាជម្លោះ។
រដ្ឋមន្ត្រីរូបនេះត្រូវបានដកស្រង់សម្តីថា “ខ្ញុំជឿថាវាជារឿងសំខាន់ ដែលមិនមែនភាគីម្ខាង ប៉ុន្តែភាគីទាំងសងខាងត្រូវ ខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងទំនាក់ទំនង យ៉ាងប្រុងប្រយ័ត្នក្នុងរបៀបមួយ ដែលការខ្វែងគំនិតគ្នានឹងមិនក្លាយជាជម្លោះ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី” ។
លោក Cho និងលោក វ៉ាង យី ក៏បានយល់ព្រមបន្តធ្វើការជាមួយគ្នា ដើម្បីធានាជោគជ័យនៃកិច្ចប្រជុំកំពូល នាពេលខាងមុខរវាងលោក Yoon នាយករដ្ឋមន្ត្រីចិន Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នេះបើយោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង ៕
ប្រែសម្រួល ឈូក បូរ៉ា