ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអះអាងច្បាស់ៗថា កម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុង កិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ ។
ក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៤» រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នាថ្ងៃ១៦ ឧសភា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងសន្តានចិត្តដ៏ល្អរបស់មិត្តចិន កម្ពុជាបានប្រកាន់ខ្ជាប់ ជានិច្ចនូវនយោបាយចិនតែមួយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុង ឬចលនាបំបែកទឹកដីណាមួយ ដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកនាយឧត្ដមសេនីយ៍ លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៣ថ្មី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសទាំងអស់នៅលើសកលលោក។ កម្ពុជាមិនឈ្លានពាននិង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាប្រឆាំង ដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេស់របស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។
អគ្គមេបញ្ជាការកងយោធពលខេរភូមិន្ទ បានសង្កត់ធ្ងន់ថា «កម្ពុជា មិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធា ណាមួយដែលមិនស្រប នឹងអព្យាក្រឹតភាព របស់ខ្លួន ឡើយ កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធា របស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ» ។
លោកនាយឧត្ដមសេនីយ៍ ថ្លែងថា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ កម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជា សម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ សន្តិសុខ សាធារណៈនៅផ្ទៃក្នុងប្រទេស។ កម្ពុជាស្រលាញ់សន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ បទពិសោធន៍និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ឆ្លងកាត់ ពីផលវិបាកនៃសង្គ្រាម ធ្វើឲ្យកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព ។
កម្ពុជាចាត់ទុកសន្តិភាព ជាឬសគល់នៃឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សន្តិភាពពេញលេញដែលកម្ពុជាទទួលបានសព្វថ្ងៃ គឺកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយបានធ្វើពលិកម្មយ៉ាងធំធេងបំផុតជូនជាតិ យកជីវិតធ្វើជាដើមទុនដើម្បីបិទបញ្ចប់ សង្គ្រាមទាំងស្រុងនៅកម្ពុជានាឆ្នាំ១៩៩៨ នាំមកនូវសន្តិភាពនិងការឯកភាព ជាតិពេញលេញ បន្ទាប់ពីត្រូវបាត់បង់អស់រយៈពេលប្រមាណ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រកម្ពុជា៕