ព័ត៌មានអន្តរជាតិ

ស្ថាប័នកំពូល ទាំង៣ របស់អ៊ីរ៉ង់ រៀបចំកិច្ចប្រជុំវិសាមញ្ញ បន្ទាប់ពីមរណភាព របស់ប្រធានាធិបតី

បរទេស ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយថា សាខារដ្ឋាភិបាលទាំងបី របស់អ៊ីរ៉ង់បានបើកកិច្ចប្រជុំវិសាមញ្ញមួយ នៅថ្ងៃចន្ទនេះ ដោយមានអនុប្រធានាធិបតីទីមួយ លោក Mohammad Mokhber តំណាងឱ្យសាខាប្រតិបត្តិ បន្ទាប់ពីការស្លាប់ របស់ប្រធានាធិបតី Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ។ សាខាទាំងបីដែលទូរទស្សន៍រដ្ឋ សំដៅទៅលើគឺស្ថាប័នប្រតិបត្តិ, ស្ថាប័ននីតិប្បញ្ញត្តិ និង ស្ថាប័នតុលាការ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Mokhber បាននិយាយថា “យើងនឹងដើរតាមគន្លង របស់ប្រធានាធិបតី Raisi ក្នុងការបំពេញភារកិច្ច ដែលបានកំណត់ដោយ គ្មានការរំខានណាមួយឡើយ” ។

ប្រសិនបើប្រធានាធិបតី ស្លាប់ក្នុងតំណែង រដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ចែងថា អនុប្រធានាធិបតីទីមួយ ចូលកាន់ដំណែងរយៈពេល ៥០ថ្ងៃ ដោយមានការយល់ព្រម ពីមេដឹកនាំកំពូល ដែលមានសុន្ទរកថា ចុងក្រោយក្នុងគ្រប់បញ្ហារដ្ឋ នៅក្នុងប្រទេសអ៊ីរ៉ង់។

ការបោះឆ្នោតប្រធានាធិបតីថ្មី នឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃ ៥០ថ្ងៃ៕

To Top