ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារ Xinhua បានចុះ ផ្សាយថា កាលពីថ្ងៃអាទិត្យ ក្រុមបាតុកររាប់ម៉ឺននាក់ មកពីបណ្តាប្រទេស នានានៅអឺរ៉ុប បាននាំគ្នាដង្ហែជាក្បួន នៅទីក្រុងប្រ៊ុចស៊ែល ដោយបានអំពាវនាវ ឲ្យមានបទឈប់បាញ់ ជាបន្ទាន់នៅតំបន់ហ្គាហ្សា ។
ការស្រែកនូវពាក្យស្លោកដូចជា “បញ្ឈប់ការប្រល័យ ពូជសាសន៍នៅប៉ាឡេស្ទីន” “ការតស៊ូ” និង “សាមគ្គីភាពជាមួយពលរដ្ឋ ប៉ាឡេស្ទីន” ក្រុមបាតុករបានដើរជាក្បួនចេញពី Gare du Nord ឆ្ពោះទៅកាន់ទីកន្លែង Jean Rey នៅអឺរ៉ុប ។
គួរបញ្ជាក់ថា ការធ្វើបាតុកម្ម ដែលរៀបចំដោយសម្ព័ន្ធអង្គការ សង្គមស៊ីវិល រួមមានសមាគមប៊ែលហ្ស៊ិក-ប៉ាឡេស្ទីន អង្គការឆ័ត្រដែលនិយាយ ភាសាបារាំង និងហូឡង់ CNCD-11.11.11 និងសមូហភាពប៉ាឡេស្ទីន Beitna បានទាក់ទាញអ្នកចូល រួមប្រហែល៤០.០០០នាក់ ។
អ្នករៀបចំបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីទទួលបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការពារជនស៊ីវិល និងដោះលែងចំណាប់ខ្មាំង ។ ពួកគេក៏បានទាមទារ ឱ្យបញ្ចប់ការបិទផ្លូវនៅតំបន់ហ្គាហ្សា និងបង្កើនលទ្ធភាពទទួល បានជំនួយមនុស្សធម៌ សម្រាប់ពលរដ្ឋប៉ាឡេស្ទីន ផងដែរ ។
លោក Georges De Smul ប្រធាន 11.11.11 ប្រចាំនៅ Woluwe Saint-Lambert បានលើកឡើងថា ឫសគល់នៃបញ្ហា គឺស្ថិតនៅក្នុងការពិតដែលថា ប៉ាឡេស្ទីន មិនត្រូវបានទទួល ស្គាល់ជារដ្ឋដោយអង្គការ សហប្រជាជាតិ កាលពី៧០ឆ្នាំមុន។
លោកបានសង្កត់ធ្ងន់ថា ប៉ាឡេស្ទីន ណមានសិទ្ធិស្របច្បាប់ ក្នុងការធ្វើជារដ្ឋមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា