ព័ត៌មានជាតិ

UN៖ ជោគជ័យរបស់កម្ពុជា នៃដំណើរការ អ.វ.ត.ក. និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ ជាមេរៀនពិសោធន៍ដ៏ល្អសម្រាប់ប្រជាជាតិ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ បានថ្លែងថា ជោគជ័យរបស់កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធន៍ដ៏ល្អ សម្រាប់ប្រជាជាតិនៅលើពិភពលោក។

ក្នុងឱកាសនៃជំនួប លោកស្រីអគ្គលេខាធិការរង បានគោរពជម្រាបសម្ដេចធិបតី ពីបទពិសោធន៍ និងបេសកកម្មការងាររបស់លោកស្រី នាពេលកន្លងមកក្នុងការទប់ស្កាត់ និងបង្ការអំពើប្រល័យពូជសាសន៍ នៅតាមបណ្ដាប្រទេសដូចជា បូស្ន៊ី ហេហ្សេហ្គូវីន (Bosnia and Herzegovina) និងរ៉វាន់ដា (Rwanda) ហើយគោលបំណងនៃបេសកកម្ មសំខាន់មួយរបស់លោកស្រីនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមក្នុងសន្និសីទស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការការពារ និងការឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព»។

លោកស្រីអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយជោគជ័យរវាង អ.វ.ត.ក. និងអង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀន ទាំងសាលារដ្ឋ និងឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

លោកស្រីអគ្គលេខាធិការ វាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំដំណើរការនៃ អ.វ.ត.ក. ហើយលោកស្រីបានគោរពបញ្ជាក់ថា មេរៀន និងបទពិសោធន៍របស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project)។

ជាការឆ្លើយតប សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអប់រំដល់មនុស្សជំនាន់ក្រោយ គឺពិតជាមានសារសំខាន់ ហើយការណ៍នេះ មិនត្រឹមតែជាការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបខ្មៅងងឹតខ្មែក្រហមទេ ថែមទាំងជាការរួមចំណែកទប់ស្កាត់ និងបង្ការការវិលត្រលប់មកវិញនៃអំពើដ៏សាហាវយង់ឃ្នង់ មិនអាចពរណ៌នាបានក្នុងសង្គមកម្ពុជា។

ជាមួយគ្នានេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្ដល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃ អ.វ.ត.ក.៕

To Top