ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មិនមានការបើកការដ្ឋាន សាងសង់ ព្រែកជីកហ្វូណន នៅថ្ងៃទី១២ មិថុនា ខណៈការសម្រេចជាសិទ្ធរបស់ នាយករដ្ឋមន្ដ្រី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា មិនមានការបើកការដ្ឋាន សាងសង់គម្រោង ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខឡើយ ហើយការសម្រេចបើកការដ្ឋាន សាង់គម្រោងនេះ គឺជាសិទ្ធផ្ដាច់មុខរបស់ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ១២ មិថុនា ២០២៤។ មិនមានរឿងបែបនេះ ទាល់តែសោះ»។

សម្ដេចតេជោ បន្ដថា «ការសម្រេចបើកការដ្ឋាន សាងសង់នៅពេលណា វាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា « មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង»។

សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។

គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗ ទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ៕

To Top