ព័ត៌មានជាតិ

ដកតំណែង អនុប្រធានពន្ធនាគារ ខេត្តកំពង់ស្ពឺម្នាក់​ ពាក់ព័ន្ធ​ករណី ​នាំអ្នកទោស ចេញក្រៅទៅបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ

កំពង់ស្ពឺ ៖ អនុប្រធាន ពន្ធនាគារ ខេត្តកំពង់ស្ពឺ លោកស្រី តោ សុខលី ត្រូវបានថ្នាក់លើ សម្រេចដកចេញពីតំណែង ក្រោយមានការ ស៊ើបអង្កេត ពីគណៈកម្មការ នៃនាយកដ្ឋានពន្ធនាគារ លើករណីនាំអ្នកទោស ចេញក្រៅដោយគ្មានការអនុញ្ញាត ទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ នេះបើយោងតាមប្រភពពីមន្ត្រីអនុរក្ស ពន្ធនាគារ ប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។

ឧត្តមអគានុរក្សថ្នាក់លេខ៣ លោកស្រី តោ សុខលី ត្រូវបានប្រភព បញ្ជាក់ប្រាប់មកថា លោកស្រីត្រូវបានដកចេញ ពីអនុប្រធានពន្ធនាគារ ខេត្តកំពង់ស្ពឺ ឱ្យទៅបម្រើការងារជាមន្រ្តីនាយកដ្ឋានបណ្ដុះបណ្ដាល និងមុខរបរចំណុះអគ្គនាយកដ្ឋាន ពន្ធនាគារ ហើយក្នុងនោះលោកស្រី នឹងត្រូវប្រឈម នឹងការដកស័ក្តិពីថ្នាក់ឧត្តមអគារអនុរក្ស ថ្នាក់លេខ៣ឱ្យមកនៅត្រឹមមន្ត្រី អនុរក្សធម្មតាថែមទៀតផង។ ក្រោយការដកតំណែងលោកស្រី តោ សុខលី អគ្គនាយកដ្ឋានពន្ធនា គារ ក៏បានដាក់លោក ទី ឈុនទេព ពីអនុប្រធានពន្ធនាគារខេត្តកែបជំនួសមកវិញផងដែរ ។

សូមរំលឹកថា​ លោកស្រី តោ សុខលី កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០២៣ ត្រូវបានប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមនដាក់ពាក្យប្ដឹង ជុំវិញការនាំអ្នកទោស និងមន្ត្រីអនុរក្សនៃពន្ធនាគារ ខេត្តកំពង់ស្ពឺ ទៅធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ។ ក្រោយមានភាពចម្រូងចម្រាស់ រវាងលោកស្រី តោ សុខលី ជាមួយប្រជាពលរដ្ឋពីការនាំអ្នកទោស និងកូនចៅទៅបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិពលរដ្ឋនេះ ខាងអយ្យការអមសាលាដំបូង បញ្ជាក់ថា ការធ្វើបែបនេះគឺជាអំពើខុសនឹងច្បាប់ ។
បន្ទាប់មកទៀត នាយកដ្ឋានពន្ធនាគារ ក៏បានបញ្ជូនគណៈកម្មការចុះអង្កេតលើករណីនេះ ក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ ហើយលោកស្រី ក៏នៅបន្តការងាររហូតមក ដោយអ្នកខ្លះបានដាក់ការសង្ស័យថា ប្រហែលជាលោកស្រីមានខ្សែគ្រាក់ៗ នឹងបានរត់ការទប់គ្រប់ច្រកអស់ហើយ ទើបលោកស្រីអាចនៅបន្តតំណែង ដោយមិនមានការរំខានពីថ្នាក់លើ ។

ជុំវិញករណីដំណឹងដកតំណែងលោកស្រី តោ សុខលី ពីអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ មន្ត្រីអនុរក្សជាច្រើននាក់ បានសម្តែងការសប្បាយរីករាយ ហើយបាននិយាយថា ថ្នាក់លើគួរតែចាត់ការលើបុគ្គលនេះយូរហើយព្រោះបុគ្គលនេះ តែងតែប្រើអំណាចមកលើកូនចៅ គ្មានសមត្ថភាពក្នុងការដឹកនាំ បញ្ជាកូនចៅទៅតាមអារម្មណ៍ ។ ហើយជាមួយគ្នានោះមន្ត្រីអនុរក្សក៏សុំឱ្យថ្នាក់លើ ចុះមកតាមដានរបៀបរបបដឹកនាំ និងភាពមិនប្រក្រតីជាច្រើនទៀត ដែលកំពុងកើតមាននៅ ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺនេះបន្តផង ៕
ដោយ៖សុខសុភ័ណ្ឌ

To Top