សេអ៊ូល៖ រដ្ឋាភិបាលជប៉ុន បានប្រកាសនៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងបានជូនដំណឹងដល់ជប៉ុនអំពីផែនការបាញ់បង្ហោះគ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបមុនថ្ងៃទី០៤ ខែមិថុនា ដោយដាក់តំបន់ឱ្យប្រុងប្រយ័ត្នខ្ពស់ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចផ្លោង។
សេចក្តីជូនដំណឹង ដែល បានធ្វើឡើងនៅមុន កិច្ចប្រជុំកំពូលត្រី ភាគីរវាងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងក្នុង ទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះ បានកំណត់តំបន់គ្រោះថ្នាក់ដែនសមុទ្រចំនួនបីដែលគេជឿថាជាតំបន់ ដែលកម្ទេចកម្ទីគ្រាប់មីស៊ីលអាចធ្លាក់ ពោលគឺភាគខាងលិចនៃឧបទ្វីបកូរ៉េ និងមួយទៀតទៅកាន់តំបន់គ្រោះថ្នាក់ ភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន។
ជាប្រតិកម្មតបទៅនឹងការជូន ដំណឹងនេះ មន្ត្រីមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអះអាង ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទថា ពួកគេនឹង ជំរុញឱ្យកូរ៉េខាងជើង លុបចោលផែនការនេះ ដោយសារការបាញ់បង្ហោះកាំជ្រួច ដោយប្រើប្រាស់ បច្ចេកវិទ្យាមីស៊ីលផ្លោង គឺជាការរំលោភលើដំណោះស្រាយ របស់អង្គការសហប្រជាជាតិ។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីល ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំកំពូល ដែលមានការចូល រួមពីមេដឹកនាំអាស៊ីបូព៌ា បានប្រាប់ក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធនៅព្រឹកថ្ងៃចន្ទ ឱ្យខិតខំប្រឹងប្រែង ជាអតិបរមា ដើម្បីប្រមូល និងវិភាគព័ត៌មានអំពីការបាញ់បង្ហោះផ្កាយរណប ដែលអាចកើតមាន។
កាលពីថ្ងៃអាទិត្យ លោក គីស៊ីដា និងសមភាគី កូរ៉េខាងត្បូង លោក Yoon Suk Yeol បានយល់ព្រមធ្វើការជាមួយគ្នា ក្នុងការដោះស្រាយការគំរាមកំហែង នុយក្លេអ៊ែរ និងកាំជ្រួចរបស់ទីក្រុងព្យុងយ៉ាង ក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគី នៅរដ្ឋធានីកូរ៉េខាងត្បូង៕
ប្រែសម្រួល ឈូក បូរ៉ា