ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា កម្ពុជានឹងត្រៀមខ្លួនសហការ ជាមួយអាជ្ញាធរម៉ាឡេស៊ី ក្នុងការរុករកបំណែកយន្តហោះ MH370 ប្រភេទ Boeing 777-20ER របស់អាកាសចរណ៍ម៉ាឡេស៊ីអ៊ែលឡាញ (Malaysia Airlines) ដែលបានបាត់ខ្លួនកាលពីអំឡុងឆ្នាំ២០១៤ ប្រសិនបើមានសំណើ។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីសារព័ត៌មានបរទេសឈ្មោះ “The Mirror” ផ្សាយថា បំណែកយន្តហោះ MH370 ដែលបាត់ខ្លួនកាលពី៨ឆ្នាំមុន បានធ្លាក់នៅលើទឹកដីកម្ពុជា ។
ចំពោះការផ្សព្វផ្សាយនេះដែរ លោក ស៊ីន ចាន់សិរីវុត្ថា ក៏បានបដិសេធ ដោយលោកអះអាថា ព័ត៌មាននេះ មានការកក្រើកឡើងវិញអំពីគំហើញ(ការរកឃើញ) នៅទីតាំងនេះ ទីតាំងនោះ ជាពិសេសការផ្សាយថា បានរកឃើញលើទឹកដីកម្ពុជា ជារឿងមិនពិតនោះទេ ។ លោកក៏បានស្នើឲ្យសាធារណជនកុំផ្សព្វផ្សាយ និងចែកចាយនូវព័ត៌មានពិតទាំងនេះ នាំឲ្យមានការភ័ន្តច្រឡំ។
លោកថា បន្ទាប់ពីការធ្លាក់យន្តហោះនេះរួចមក លោកតាមដានជាប់ជាប្រចាំអំពី ការធ្លាក់នៅប្រទេសនេះប្រទេសនោះ ហើយលោកអះអាងទៀតថា អ្នកបង្កើតព័ត៌មានធ្លាក់នៅកម្ពុជា កើតឡើងតាំងពីបាត់ខ្លួនយន្តហោះនោះម្ល៉េះ ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល សង្កត់ធ្ងន់ទៀតថា ប៉ុន្តែក្នុងករណីពិតជាមាន បំណែកធ្លាក់នៅកម្ពុជាមែន ប្រទេសមហាអំណាចជាច្រើន ជាពិសេសប្រទេសផលិតយន្តហើយ និងប្រទេសទិញទៅប្រើនៅមិនស្ងៀមឡើយ ហើយនឹងធ្វើការទំនាក់ទំនងមកកម្ពុជា ដើម្បីស្វែងរកការពិត តែលោកថា បន្ទាប់ពីព័ត៌មាន “The Mirror” តាំងពីពេលកន្លងមក និងមានការផ្សាយជាថ្មីម្តងទៀត គឺមិនដែលឃើញប្រទេសទាំងនោះទាក់ទងមកកម្ពុជាឡើយ ។
លោកថា “ហើយបើសិនជាមាន សំណូមពរពីប្រទេសទាំងនោះ គឺប្រទេសកម្ពុជា នឹងត្រៀមសហការដើម្បីចូលរួម ក្នុងការសិក្សាស្រាវជ្រាវហើយ”។
បើតាមការផ្សាយរបស់ “The Mirror” គឺបានដកស្រង់សំដីពីអ្នកជំនាញ មកពីចក្រភពអង់គ្លេសម្នាក់ បានវាយតម្លៃរូបភាពដែលថតចេញពី Google Map និងដោយបាននិយាយថា យន្តហោះម៉ាឡេស៊ី MH370 ពិតជាធ្លាក់ក្នុងព្រៃនៅកម្ពុជា ព្រោះបើផ្អែកលើរូបភាព ប្រវែង និងទំហំយន្តហោះគឺប្រហាក់ប្រហែលគ្នាស្ទើទាំងស្រុង នេះបើយោងតាមការផ្សាយរបស់វិទ្យុបារាំង។
សូមបញ្ជាក់ថា យន្តហោះ MH370 ដែលផ្ទុកអ្នកដំណើរចំនួន ២២៧នាក់ និងក្រុមពីឡុត១២នាក់ បានបាត់ខ្លួនក្នុងពេលចេញពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមីនាឆ្នាំ២០១៤។ បន្ទាប់ពីការបាត់ខ្លួនមានប្រទេស ពាក់ព័ន្ធជាច្រើនបានរួមគ្នាសហការរុករកផងដែរ នៅតាមបណ្តាមហាសមុទ្រ ជាច្រើនក្នុងពិភពលោកក ប៉ុន្តែគ្មានបានដំណឹងអ្វីឡើយ ។ ក្នុងនោះម៉ាឡេស៊ី នៅឆ្នាំ២០១៨ ក៏បានសហការជាមួយក្រុមហ៊ុន Ocean Infinity នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ដើម្បីស្វែងដោយនឹងផ្តល់ ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះ ៕