ព័ត៌មានជាតិ

លោក ទូច សុឃៈ ៖ ការចោទប្រកាន់ថា ក្រុមគ្រួសារសម្តេច ស ខេង កំពុងគ្រប់គ្រងតំណែងធំៗ ក្នុងក្រសួងមហាផ្ទៃ គឺធ្វើឡើងតាមអារម្មណ៍

ភ្នំពេញ ៖ បន្ទាប់ពីមានការចោទប្រកាន់មួលបង្កាច់ថា “ក្រុមគ្រួសារសម្តេច ស ខេង កំពុងគ្រប់គ្រងតំណែងធំៗ នៅក្នុងក្រសួងមហាផ្ទៃ” លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបដិសេធចោលទាំងស្រុង ដោយលោកអះអាងថា ការចោទប្រកាន់នេះ គ្មានលក្ខណៈវិទ្យាសាស្រ្តទេ ដោយឡើង តាមអារម្មណ៍របស់ខ្លួនប៉ុណ្ណោះ ដើម្បីឆ្លៀតឱកាសកេង ចំណេញនយោបាយ ។

ការលើកឡើង របស់លោកអ្នកនាំពាក្យរងរូបនេះ បន្ទាប់ពីមានការផ្សាយក្នុងវិទ្យុបរទេស ផ្សាយជាខេមរៈភាសាមួយថា “ក្រុមគ្រួសារសម្តេច ស ខេង កំពុងគ្រប់គ្រងតំណែងធំៗនៅក្នុងក្រសួងមហាផ្ទៃ” បានធ្វើឲ្យមានអំពើពុករលួយ និងប្រសិទ្ធភាពការងារធ្លាក់ចុះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៩ ឧសភាថា “ខ្ញុំថា ការលើកឡើងនោះគ្រាន់ តែជាការលើកឡើងមួយ ដែលគ្មានលក្ខណៈវិទ្យាសាស្រ្ត គឺគ្មានបានគិតអំពីកក្តារួមផ្សំឲ្យបានគ្រប់ជ្រុងជ្រោយទេ ។ គ្រាន់តែជាសំដីដោយអារម្មណ៍ ឆ្លៀតយកចំណេញ ណាមួយអីតែប៉ុន្នឹង ។ វាជាទំលាប់របស់អ្នកវិភាគ ដែលមិនស្ថិតនៅក្នុងក្របខណ្ឌ នៃការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន របស់សមត្ថកិច្ច របស់អាជ្ញាធរ នៃរាជរដ្ឋាភិបាលតែប៉ុន្នឹងឯង” ។

សម្រាប់មតិលើកឡើងថា មានសាច់ញ្ញាតិរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ច្រើននាក់បានកាន់តួនាទីធំៗនៅក្នុងក្រសួងមហាផ្ទៃនេះ លោកទូច សុឃៈឆ្លើយតបថា មិនមែន ទើបតែបានតំណែង បន្ទាប់ពីលោកឧបនាយករដ្ឋមន្រ្តីឡើង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនោះទេ គឺពួកគាត់បានតួនាទីមុន ពេលលោកឧបនាយករដ្ឋមន្រ្តី ស សុខាឡើងមកដឹកនាំក្រសួងម្ល៉េះ។

លោកថា ការណ៍ដែលមានសាច់ញ្ញាតិ នៅក្នុងក្រសួងនេះ មិនមែនមានន័យថា ធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះនោះទេ ប៉ុន្តែផ្ទុយទៅវិញប្រសិទ្ធភាព ការងារកាន់តែល្អ ដោយបានកែទម្រង់ជាច្រើនផងដែរ ធ្វើឲ្យមានការកោតសរសើរពីដៃគូអន្តរជាតិជាហូរហែរ។

ជាមួយគ្នានេះដែរ លោកទូច សុឃៈ ក៏បានលើកជាឧទាហរណ៍ទៅនឹងមេដឹកនាំក្នុង ពិភពលោកផ្សេងទៀតថា ប្រទេសខ្លះមានស្វាមីជាប្រធានាធិបតី ហើយភរិយាក៏បានកាន់ការងារ ជារដ្ឋមន្រ្តីក្រសួងផ្សេងដែរ ៕

To Top