បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបកំពុងពិចារណា លើការដាក់ពន្ធលើទំនិញដែលមានតម្លៃរហូតដល់ ៤២ពាន់លានអឺរ៉ូ ឬត្រូវជា៤៦ពាន់លានដុល្លារ នៃការនាំចូលពីប្រទេសរុស្ស៊ី ដែលរហូតមកដល់ពេលនេះត្រូវបាន រួចផុតពីរបបទណ្ឌកម្មរបស់ប្លុក នេះបើយោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រ។
ខណៈពេលដែលពាណិជ្ជកម្ម សហភាពអឺរ៉ុបភាគច្រើនជាមួយរុស្ស៊ី ត្រូវបានបញ្ឈប់ដោយសារជម្លោះអ៊ុយក្រែន ការនាំចូលមួយចំនួននៅតែត្រូវបានអនុញ្ញាត ទាំងដោយសារតែមិនមានការផ្គត់ផ្គង់ជំនួស ឬដោយសារការព្រួយបារម្ភអំពី ការរំខានទីផ្សារពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុប បានស្នើឲ្យគណៈកម្មការអឺរ៉ុប បង្កើតផែនការដើម្បីដាក់ពន្ធ លើការនាំចូលអាហារ ឥន្ធនៈនុយក្លេអ៊ែរ និងថ្នាំពេទ្យផងដែរ។
ស្នងការទទួលបន្ទុកផ្នែកពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបលោក Valdis Dombrovskis បានប្រាប់អ្នកយកព័ត៌មានថា គំនិតផ្តួចផ្តើមស្តីពីការប្រើប្រាស់ពន្ធ កាន់តែទូលំទូលាយត្រូវបាន ដាក់ចេញដោយស៊ុយអែត។ លោកបានថ្លែងបន្តថា៖ ពីខាងគណៈកម្មការអឺរ៉ុប យើងនឹងវាយតម្លៃរឿងនេះ និងផ្តល់ជម្រើសដល់រដ្ឋសមាជិកដើម្បីឈានទៅមុខ។
ក្នុងនោះរដ្ឋមន្ត្រីពាណិជ្ជកម្មស៊ុយអែត Johan Forssell បានប្រាប់ FT ថាវាមានសារៈសំខាន់ក្នុងការកាត់បន្ថយ ប្រាក់ចំណូលរបស់រុស្ស៊ី ដូច្នេះ ប្រាក់ចំណូលពីពន្ធគយទាំងនេះអាចត្រូវបាន ចំណាយដើម្បីជួយអ៊ុយក្រែន ឱ្យឈ្នះសង្គ្រាមនេះជំនួសវិញ ៕
ប្រែសម្រួល៖ ស៊ុន លី