ភ្នំពេញ៖ ក្រុមពលការិនី ខ្មែរដែលទើបត្រឡប់មកពី ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងក្តីរីករាយក្រៃលែង នៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱកាសការងារជាង ៥ម៉ឺនកន្លែង និងឱកាសសិក្សារៀនសូត្រជំនាញបច្ចេកទេស វិជ្ជាជីវៈជូនពួកគាត់ដោយឥគិតថ្លៃ។
![](https://dap-news.com/wp-content/uploads/2024/06/IMG_1526-1024x683.jpg)
ក្រុមពលការិនីដែលទើបបាន ត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្បាំ២០២៤ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងកក់ក្ដៅ ព្រោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាពិសេស ពួកគាត់បានទទួលការណែនាំនូវឱកាសការងារល្អៗ ដោយមិនចាំបាច់ឲ្យពួកគាត់ពិបាក ក្នុងការស្វែងរកការងារធ្វើនោះទេ ហើយថែមទាំងផ្សព្វផ្សាយពីឱកាស សិក្សាជំនាញបច្ចេកទេសជូនពួកគាត់ ដោយមិនគិតថ្លៃថែមទៀត។
![](https://dap-news.com/wp-content/uploads/2024/06/IMG_1527-1024x683.jpg)
ពលការិនី ខា សុខៃ បាននិយាយថា៖ «ខ្ញុំមានតែអរគុណហើយរំភើបខ្លាំង។ ខ្ញុំចង់រកការងារធ្វើដោយសារ ចង់មានលុយមើលជំងឺម៉ាក់ ដោយសារឥលូវម៉ាក់កើតជំងឺ ទឹកនោមផ្អែមខ្វះខាតលុយ»។ សុខៃ បន្ថែមថា៖ «ក្នុងចិត្តខ្ញុំចង់ធ្វើការសាឡន ព្រោះដោយខ្ញុំចូលចិត្តសាឡន ណាមួយក៏ចង់រៀនចង់ចេះដែរ។ កាលខ្ញុំនៅក្មេងអត់ដែលរៀនទេរហូតដល់ឥលូវ អ៊ីចឹងខ្ញុំនឹងជ្រើសរើសរៀនខាងសាឡន ព្រោះខ្ញុំចូលចិត្ត»។
![](https://dap-news.com/wp-content/uploads/2024/06/IMG_1528-1024x683.jpg)
ចំណែក ពលការិនី ផង សុភី បានប្រាប់ថា៖«ខ្ញុំចាប់អារម្មណ៍ជំនាញខាងកសិកម្ម ប៉ុន្តែខ្ញុំចាស់ហើយចង់ធ្វើការជាង ព្រោះមានម្ដាយចាស់ និងកូនតូចត្រូវចិញ្ចឹម។ ដូច្នេះខ្ញុំត្រូវធ្វើការដើម្បីរកលុយ»។
ដោយឡែក ពលការិនី ញ៉េប សុភា បានគូសបញ្ជាក់ថា៖«ខ្ញុំគិតថាល្អខ្លាំងមែនទែន ព្រោះកន្លងមកមិនមែន ខ្ញុំមិនចង់រៀនទេ តែមកពីអត់មានលុយ ហើយធ្វើតែការងារឲ្យគេ។ ខ្ញុំចាប់អារម្មណ៍ការងារកាត់ដេរ ប្រហែលរើសជំនាញកាត់ដេរ»។
![](https://dap-news.com/wp-content/uploads/2024/06/IMG_1522-1024x683.jpg)
ជាមួយគ្នានោះ ក្រុមពលការិនី បានអរគុណរាជរដ្ឋាភិបាល ដែលមិនត្រឹមតែសម្របសម្រួល យកចិត្តទុកដាក់ពួកគាត់ឲ្យបានត្រលប់ មកស្រុកកំណើតវិញដោយសុវត្ថិភាពនោះទេ គឺថែមទាំងផ្សព្វផ្សាយពីឱកាសការងារ និងការសិក្សាជំនាញបច្ចេកទេសដល់ពួកគាត់ ដោយឥតថ្លៃហើយ និងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត។
![](https://dap-news.com/wp-content/uploads/2024/06/IMG_1524-1024x683.jpg)
សូមជម្រាបថា អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយពីឱកាសការងារក្នុងស្រុកជាង៥ម៉ឺន កន្លែង ព្រមទាំងការសិក្សាជំនាញបច្ចេកទេស ដល់ពលការិនីចំនួន ៦នាក់ ដែលទើបនឹងត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឲ្យក្រុមពលការិនី មានការងារធ្វើពិតប្រាកដ មានជំនាញមួយពិតប្រាដក រកចំណូលបានសមរម្យសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ៕
![](https://dap-news.com/wp-content/uploads/2024/06/IMG_1529-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_1525-1024x700.jpg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_1531-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_1520-1024x554.jpg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_1530-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_1519-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)