ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យតុលាការអនុវត្តច្បាប់ តឹងរ៉ឹងបំផុត លើក្រុមក្មេងទំនើង «កុំសមត្ថកិច្ចខំចាប់ តុលាការលើកហេតុផល ដោះលែង»

រូបភាព៖ ម៉ៅ ដារ៉ាត់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវ ដល់តុលាការ ត្រូវអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹងបំផុត ចំពោះក្រុមក្មេងទំនើង និងក្រុមដាវសាំមូរ៉ៃ ដោយគ្មានការលើកលែង «កុំសមត្ថកិច្ចខំប្រឹងតាមចាប់ បែរជាតុលាការលើកហេតុផលដោះលែងទៅវិញ» ។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃ៦ មិថុនា សម្ដេចធិបតី មានប្រសាសន៍ថា ចាប់ផ្ដើមអនុវត្តវិធានការក្ដៅ លើក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាំមូរ៉ៃហើយ ដោយរាជរដ្ឋាភិបាលដាក់ចេញវិធានការនេះ ដើម្បីជួយដល់ឪពុកម្ដាយថែទាំបង្ការឈានទៅដល់ដាច់ដៃជើង និងបាត់បង់ជីវិត ។

សម្ដេចធិបតី បានលើកឡើងថា ដាច់ខាតគ្រប់ខេត្តទាំងអស់ ត្រូវអនុវត្តបទបញ្ជា ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងរយៈពេលមួយ អាណត្តិពេញ ដោយឃើញក្រុមណាមួយ ងើបចេញធ្វើសកម្មភាពមួយ ត្រូវអនុវត្តច្បាប់មួយ ដោយគ្មានការលើកលែង ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ខ្ញុំបានសុំអំពាវនាវរួចហើយដល់ប្រព័ន្ធតុលាការ អត់មានអាជ្ញាធរកម្លាំង សមត្ថកិច្ចខំចាប់ ហើយយើង (តុលាការ) អត់មានមូលហេតុច្បាប់ច្បាស់លាស់ ដោះលែងទេ ត្រូវឲ្យច្បាស់លាស់ ។ បើមានមូលហេតុច្បាប់ច្បាស់លាស់ យើងអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីរួមគ្នាធ្វើ ដើម្បីជាការព្រមាន» ។

សម្ដេចធិបតីថ្លែងទៀតថា រឿងល្បែងគេលាក់ រឿងជល់មាន់គេលាក់ គឺខុសពីរឿងបងធំបងតូច គេមិនដែលលាក់ទេ ទាល់តែចំហបានគេខ្លាច ។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងគូសបញ្ជាក់ថា រឿងក្មេងទំនើង និងក្រុមដាវសាំមូរ៉ៃនេះ ត្រូវតែធ្វើដូចភ្លៀងរលឹម ដោយងើបមួយក្រុមសង្កត់មួយក្រុម ។ សម្ដេចថា «ត្រូវអនុវត្តអភិក្រមនេះ​ឲ្យជាប់ជាប្រចាំ និងឲ្យមានប្រសិទ្ធភាពខ្ពស់» ៕

To Top