កំពត ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបណីយកម្ម និងសំណង់បាននិងកំពុងរៀបចំគម្រោង ឲ្យមានផ្លូវសម្រាប់ជិះកង់លំហែ តាមមាត់សមុទ្រពីខេត្តកែប ទៅកោះកុង ។
សម្តេចធិបតីមានប្រសាសន៍ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នាព្រឹកថ្ងៃ៦ មិថុនាថា «តិចទៀតអ្នកខេត្តព្រះសីហនុ នឹងមានភាពងាយស្រួល ឯកឧត្តមសាយ សំអាល់ កំពុងតែឡើងផែនការមួយ ខ្ញុំឲ្យគិតមើលហើយគាត់បានឡើងគំនិតផ្តួចផ្តើមល្អ គឺរៀបចំផ្លូវជិះកង់តាមមាត់សមុទ្រ។ ជិះកង់ពីកែប ទៅដល់កោះកុង តាមមាត់សមុទ្រតែម្តង»។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា នៅពេលផ្លូវនោះធ្វើរួច អ្នកទេសចរណ៍ អាចជិះកង់ ឬរត់ម៉ារ៉ាតុន ដើម្បីយកថវិកា ប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ឆា ។ សម្តេចធិបតីបញ្ជាក់ថា «សម្រាប់អ្នកទេសចរណ៍ បងប្អូនណាដែលទំនេរអាចរត់ម៉ារ៉ាតុន យកថវិកាជូនមន្ទីពេទ្យគន្ធបុប្ផាអាចរត់២០០ ឬ៣០០គីឡូម៉ែត្រអីចឹងទៅបាន។ អាចដើរហាត់ប្រាណនៅតាមផ្លូវនេះ»។
ជាមួយគ្នានោះដែរ សម្តេចធិបតីថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើផ្លូវឲ្យបានច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋ ពិសេសនោះក្នុងការដឹកជញ្ជូន ៕
