ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសចិនបានតាំងចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាន នូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាព ដែកថែប នៃប្រទេសទាំងពីរ ។ ការតាំងចិត្តនេះធ្វើឡើង នៅអំឡុងពេល នៃជំនួបជាមួយថ្នាក់ដឹកនាំ រវាងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានផ្នែកឃោសនាការ នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ព័ត៌មានក្លែងក្លាយ ដែលត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថាបាននិងកំពុង បង្កើតឡើងនិងចរាចរណ៍ ក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សង្គមព្រោះងាយស្រួលបង្កើត និងងាយស្រួលផ្សព្វផ្សាយ ។
ជាមួយគ្នានេះក្នុងវេទិកា នៃការបើកសម្ពោធកម្មវិធីសំឡេងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ», លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន នៃប្រទេសទាំងពីរចូលរួមសហការគ្នា ប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយជាច្រើន ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម បង្កបដោយរបៀបវារៈទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និងមានទិសដៅបំផ្លិចបំផ្លាញ កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរលើការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ ការវិនយោគ និងសកម្មភាពមនុស្ស ធម៌ផ្សេងៗ ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា បានដាក់ចុះនូវយន្តការនិងវិធានការ នៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ ៣ប គឺ«បញ្ជ្រាប បន្សាប និងបង្ក្រាប» ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននិងកំពុងអនុវត្តកិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត ។ ដើម្បីអនុវត្តការងារនេះ, ក្រសួងព័ត៌មានបានបង្កើតគណៈកម្មាធិការ ប្រឆាំងព័ត៌មានក្លែងក្លាយដោយមានការចូលរួម ពីក្រសួងស្ថាប័នពាក់ព័ន្ធ ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ព័ត៌មានក្លែងក្លាយជាង ៣ពាន់ត្រូវបានកត់ត្រា ហើយករណីខ្លះត្រូវបានចាត់វិធានការ តាមនីតិវិធីច្បាប់ ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងថា មានការបង្កើតព័ត៌មានក្លែងក្លាយជាច្រើន តាមប្រព័ន្ធទំនាក់ទំនងសង្គម ដែលបានជះឥទ្ធិពល ដល់ការផ្សព្វផ្សាយ ពីទេសចរណ៍និងវប្បធម៌ ។ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋកម្ពុជានិងចិន កុំជឿលើការផ្សព្វផ្សាយ ព័ត៌មានមិនពិត នៅលើបណ្តាញទំនាក់ទំនងសង្គមដែលគ្មានប្រភពពិតប្រាកដ និងត្រូវជឿជាក់លើការផ្សព្វផ្សាយព័ត៌មាន វិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាការទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយ គ្រប់ទម្រង់ជាភារកិច្ចរួម របស់យើងដើម្បីពង្រឹងសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មាន ជូនអ្នកប្រើប្រាស់ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗ ដល់សង្គមនិងអ្នកទទួលព័ត៌មាន ដែលបង្កឡើងដោយការ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ។ លោកក៏បានជម្រាប ជូនភាគីចិនផងដែរថា ក្រសួងព័ត៌មានគ្រោង នឹងដឹកនាំធ្វើយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែង ក្លាយនាពេលខាងមុខ និងមានបំណងពង្រីក យុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយនេះ ក្នុងក្របខណ្ឌទូលំទូលាយ ព្រោះថា បញ្ហាព័ត៌មានក្លែងក្លាយជាបញ្ហារួម និងប្រទេសទាំងអស់តែងតែ ជួបប្រទះនូវបញ្ហាទាំងនេះដែលទាមទារ ឱ្យយើងទាំងអស់គ្នា ត្រូវរួមសហការប្រយុទ្ធប្រឆាំង។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជម្រាបជូនភាគីចិនថា ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីគោលដៅពង្រឹងសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះកិត្តិយសប្រជាជាតិទាំង ២ ។ យុទ្ធនាការដែលបានគាំទ្រ ដោយប្រព័ន្ធផ្សព្វផ្សាយ កម្ពុជានិងចិន ។ លោកស្រីជឹង យៀន សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការ នៃគណៈកម្មាធិការគណបក្ស កុម្មុយនិស្តចិន ខេត្តយូណាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅខេត្តយូណាន បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ និងសន្យាសហការ ជាមួយកម្ពុជា លើកិច្ចការនេះ ៕