ព័ត៌មានជាតិ

ពលរដ្ឋក្រុងច្បារមន ស្នើអាជ្ញាធរពិនិត្យក្រុម រថយន្តដឹកអត់គ្រប និងមិនស្រោចទឹកផ្លូវ (Video)

កំពង់ស្ពឺ៖ ក្រុមប្រជាពលរដ្ឋរស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរជំនាញ ឲ្យជួយពិនិត្យមើលក្រុមរថយន្តដឹកអាចម៌ដី ដែលធ្វើអាជីវកម្មដើម្បីប្រយោជន៍ខ្លួនឯង ប៉ុន្តែមិនគ្រប និងមិនស្រោចទឹកលើដងផ្លូវ បង្កឲ្យហុយទ្រឡោមប៉ះពាល់ ដល់សុខភាពពួកគាត់ ។ ចំពោះសំណើររបស់ក្រុមប្រជាពលរដ្ឋនេះ អាជ្ញាធរពាក់ព័ន្ធក៏បានសន្យាថា នឹងចុះទៅពិនិត្យតាមដានផងដែរ ។

ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរ ជំនាញជួយអន្តរាគមន៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ មិថុនា។ ពលរដ្ឋរស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមននេះ បានឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់ពិបាករស់នៅ ជាពិសេសនៅពេលហូបបាយម្តងៗ ដោយសារក្រុមរថយន្តដឹកអាចម៌ដីមួយក្រុម នាំគ្នាដឹកដីដោយមិនព្រមគ្រប នឹងស្រោចទឹកផ្លូវនោះទេ។ ពួកគាត់បន្តថា ក្រុមរថយន្តដឹកដីនេះ ចេញពីចំណុចភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដឹកយកមកចាក់នៅចំណុចភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ដោយសារអត់ទ្រាំចំពោះ ការហុយដីតទៅទៀតលែងបាន ទើបពួកគាត់ស្នើសុំឲ្យអាជ្ញាធរ ជួយពិនិត្យករណីនេះផង ។ ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកយកព័ត៌មាន ប្រចាំខេត្តកំពង់ស្ពឺក៏បានសាកសួរទៅកាន់ក្រុមរថយន្តដឹកដីនេះ ដោយខាងក្រុមរថយន្តសន្យាថា នឹងយកក្រណាត់ ឬប៉ាតង់គ្របពីលើ និងស្រោចទឹកផ្លូវផងដែរ ។

ចំណែកលោក យុង ទី មេឃុំរលាំងចក បាននិយាយថា រឿងក្រុមរថយន្តដឹកដីមិនគ្រប ព្រមទាំងមិនស្រោចទឹកផ្លូវខាងលើនេះ លោកអត់ទាន់បានដឹងទេ តែលោកនឹងទៅមើលនៅរសៀលថ្ងៃទី១០ មិថុនានេះ។

សម្រាប់លោក មុត ភន អភិបាលស្រុកសំរោងទង អ្នកព័ត៌មានទំនាក់ទំនងតាមតេឡេក្រាម លោកបានចូលមើល ដោយគ្រាន់តែសរសេរសំណែរឆ្លើយតបយ៉ាងខ្លីថា “អរគុណ”។

រីឯលោក ប៊ិញ ជីវតុង  ប្រធាមន្ទីរ រ៉ែ និងថាពល ខេត្តកំពង់ស្ពឺវិញ បានឲ្យដឹងថា លោកនឹងចាត់តាំងក្រុមមន្ត្រីជំនាញចុះទៅពិនិត្យ នៅព្រឹកថ្ងៃទី១០ មិថុនានេះតែម្តង ៕

To Top