ព័ត៌មានអន្តរជាតិ

លោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសរំលាយសភា ក្រោយចាញ់ការបោះឆ្នោត

AFP

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសពីការរំលាយសភា កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីគណបក្សរបស់លោកបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ២០២៤ នេះបើយោងតាមការផ្សាយផ្ទាល់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក BFMTV។

លោក ម៉ាក្រុង បានឲ្យដឹងនៅក្នុងសុន្ទរកថាខ្លីមួយថា “ខ្ញុំបានសម្រេចចិត្តផ្តល់ឱ្យអ្នកនូវជម្រើសនៃអនាគតសភារបស់អ្នក តាមរយៈការបោះឆ្នោត ដូច្នេះខ្ញុំកំពុងរំលាយសភានៅល្ងាចនេះ” ។

លោក​បាន​បន្ថែម​ថា “នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ​មួយ ប៉ុន្តែ​វា​សំខាន់​ជាង​រាល់​ទង្វើ​នៃ​ការ​ទុក​ចិត្ត​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គណបក្ស Renaissance របស់លោក ម៉ាក្រុង ទទួលបាន ១៥,២ភាគរយនៃសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប ឆ្នាំ២០២៤ ឆ្ងាយជាងគណបក្សស្តាំនិយម National Rally ដែលទទួលបាន ៣១,៨ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top