ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សា ជាមួយក្រុមហ៊ុនធំៗ៨ របស់អេស្ប៉ាញ ដើម្បីសម្រួលការងារ វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគក្នុងប្រទេសអេស្ប៉ាញ បានទទួលជួបពិភាក្សាការងារ ជាមួយបណ្ដាក្រុមហ៊ុនធំៗ របស់អេស្ប៉ាញ ដើម្បីបញ្ច្រៀបបន្ថែមទៀតអំពីបេសកកម្ម និងការត្រៀមខ្លួន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលកិច្ចការងារ របស់វិនិយោគិន ដើម្បីធានានូវជោគជ័យភាព របស់បណ្ដាក្រុមហ៊ុន ដែលសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ។

បណ្ដាក្រុមហ៊ុន ដែលលោកឧបនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារ ដូចជា៖

១. ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថ ល្បីល្បាញមួយមានជំនាញ ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតថ្នាំ ដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការ នៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។

២. ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឯកទេសក្នុងការរចនា និងប្រតិបត្តិការគម្រោងឧស្សាហកម្មនៅទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ប្រមាណ៦០ឆ្នាំ លើគម្រោងដែលបានបញ្ចប់រួចរាល់ជាង៣០០ នៅ៥០ប្រទេសរួមមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

៣. ក្រុមហ៊ុន MELIA GROUP មានប្រតិបត្តិការអាជីវកម្មសណ្ឋាគារឈានមុខគេលំដាប់ពិភពលោក ជាមួយសណ្ឋាគារចំនួនជាង៣៨០ នៅក្នុងប្រទេសចំនួន៤០។ MELIA Hotels International កំពុងស្វែងរកដៃ គូសហការនៅកម្ពុជា ដើម្បីពង្រីកសណ្ឋាគារ និងទេសចរណ៍ ក្នុងប្រទេសផងដែរ។

៤. ក្រុមហ៊ុន MOLECOR គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផលិតបំពង់ PVC-O ដែលមានគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុន MOLECOR ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង២៥រួចមកហើយ។

៥. ក្រុមហ៊ុន CAF គឺជាក្រុមហ៊ុនដែលមានវត្តមាន នៅប្រមាណ៤០ប្រទេសរួចមកហើយ ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនក្នុងដំណោះស្រាយផ្លូវដែក រួមមានរថភ្លើងល្បឿនលឿន និងការថែទាំជាដើម។

៦. ក្រុមហ៊ុន BIORIZON BIOTECH គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាផ្តោតលើជីវបច្ចេកវិទ្យា សម្រាប់វិស័យកសិកម្ម។

៧. ក្រុមហ៊ុន EDUCTRADE គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងគម្រោងជាច្រើន លើវិស័យសុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល នៅប្រមាណ៤០ប្រទេសទូទាំងពិភពលោក។

៨. ក្រុមហ៊ុន TALGO ជាក្រុមហ៊ុន ដែលមានឯកទេសក្នុងការរចនា ផលិត និងថែទាំរថភ្លើង ដែលក្រុមហ៊ុននេះ បានដាក់សាកល្បងប្រើប្រាស់ផ្លូវរថភ្លើងដំបូង របស់ខ្លួនតាំងពីឆ្នាំ១៩៤១។

ក្នុងដំណើរទៅអេស្ប៉ាញនេះ គណៈប្រតិភូកម្ពុជាអញ្ជើញអមដំណើរ លោកឧបនាយករដ្ឋមន្ត្រី មានសមាសភាពមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ា, និងវិស័យឯកជនកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារ (Business-to-Business_B2B) ជាមួយតំណាងក្រុមហ៊ុនប្រមាណជាង ៣០ផ្សេងទៀតរបស់អេស្ប៉ាញផងដែរ៕

To Top