ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់សិស្ស-និស្សិតថា មិនមែនរៀន សម្រាប់តែកម្ពុជាទេ រៀនសម្រាប់ត្រៀម ប្រកួតប្រជែង ជាមួយពិភពលោក

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រាប់សិស្ស-និស្សិតថា មិនមែនត្រឹមតែរៀន សម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែរៀនសម្រាប់ត្រៀមប្រកួតប្រជែង ជាមួយបណ្ដាប្រទេស ក្នុងពិភពលោក។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ មិថុនា សម្ដេចធិបតីមានប្រសាសន៍ថា ការខិតខំពង្រឹងទៅលើមូលដ្ឋាននៃការអប់រំរបស់កម្ពុជាដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានពង្រឹងបន្ថែមទៀត នូវវិស័យអប់រំ គឺរាជរដ្ឋាភិបាល ក៏បានបើកឱកាសទាំងក្នុង និងក្រៅប្រទេស ព្រមទាំងលើកចិត្ត ឲ្យមានការចាប់ដៃគ្នារវាងសាកលវិទ្យាល័យ និង គ្រឹះស្ថានអប់រំ ជាមួយនឹងបណ្ដាប្រទេសផ្សេងៗ ដើម្បីចែករំលែកបទ ពិសោធន៍ និងផ្ទេរចំណេះដឹង។

សម្ដេចធិបតីមានប្រសាសន៍ថា «ព្រោះថា សិស្សរបស់យើងមិនមែនត្រឹមតែរៀនសម្រាប់កម្ពុជាទេ រៀនសម្រាប់ត្រៀមកម្ពុជា ប្រកួតប្រជែងជាមួយពិភពលោក ។ ចឹងដើម្បីឲ្យទាន់ ទាល់តែកម្មវិធីអប់រំបណ្ដុះបណ្ដាលយើងទាន់ដែរ។ ចឹងការខិតខំប្រឹង ប្រែងនេះ រាជរដ្ឋាភិបាលបានបើកច្រក និងលើកទឹកចិត្តនូវវិស័យអប់រំ»។

សម្ដេចធិបតីបន្ដថា ក្រសួងអប់រំ ត្រឹមតែដាក់ចេញគោលនយោបាយ និងទិសដៅមួយចំនួន ហើយរាជរដ្ឋាភិបាល ត្រឹមតែផ្ដល់គោលការណ៍ អនុគ្រោះតូចតាចមួយចំនួន ដើម្បីជួយសម្រួល ជាពិសេសនៅពេលលំបាក ប៉ុន្ដែអ្នកប្រតិបត្តិផ្ទាល់ ក្នុងការកសាងធនធានមនុស្សគឺ «គ្រឹះស្ថានសិក្សា» ទាំងពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា រាជរដ្ឋាភិបាល ធានាត្រឹមប្រទេសមិនឲ្យមានសង្គ្រាម និងបើកច្រកឲ្យមានការរីកចម្រើន ក្នុងវិស័យអប់រំ ធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យរបស់ពួកគាត់មានលទ្ធភាព រៀនសូត្របន្ថែមទៀត៕

To Top