តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេស ចាំផ្ទះរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ជាពិសេស ចំពោះមុខទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ភាគីទាំងពីរបានជួបគ្នា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS នៅទីក្រុង Nizhny Novgorod ប្រទេសរុស្ស៊ី ហើយបានសង្កត់ធ្ងន់ លើតម្រូវការគាំទ្រប៉ាឡេស្ទីន និងថ្កោលទោស អ៊ីស្រាអែល ចំពោះការវាយប្រហារ របស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ។
លោក Bagheri Kani បានចង្អុលទៅគម្រោង “ចម្រុះ និងជាច្រើន” សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយអំពាវនាវឱ្យមានអន្តរកម្ម និងទំនាក់ទំនងជាបន្តបន្ទាប់បន្ថែមទៀតរវាងមន្ត្រីអ៊ីរ៉ង់ និងវេណេស៊ុយអេឡា នៅក្នុងតំបន់ផ្សេងៗគ្នា ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
ខណៈពេលដែលងាកទៅរកសង្រ្គាម នៅតំបន់ហ្គាហ្សា លោក Bagheri Kani បានជំរុញថាសហគមន៍អន្តរជាតិ គួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ឈប់ “សង្រ្គាម និងឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល និងសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន “ដែលត្រូវបានគេជិះជាន់” នៃតំបន់ឆ្នេរប៉ាឡេស្ទីន។
រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា បានចូលរួមរំលែកទុក្ខ និងអាណិតអាសូរ ចំពោះការស្លាប់របស់អតីតប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែឧសភា ដោយបានគូសបញ្ជាក់ពីតួនាទីសំខាន់ និងឥទ្ធិពលដែលអ្នកទាំងពីរបានដើរតួក្នុងការគាំទ្រឱ្យកាន់តែស៊ីជម្រៅ និងការពង្រីកទំនាក់ទំនងទាំងអស់រវាងទីក្រុងតេអេរ៉ង់និងការ៉ាកាស។
លោក Pinto បានឲ្យដឹងថា ដោយសារប្រទេសទាំងពីរ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម “ដ៏ឃោរឃៅ” របស់សហរដ្ឋអាមេរិក វាជារឿងសំខាន់ ដែលពួកគេបាន តាមដានការអនុវត្តគម្រោងរួមនេះឱ្យកាន់តែហ្មត់ចត់ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីប្រឆាំងនឹងការហ៊ុមព័ទ្ធ៕
ប្រែសម្រួល ឈូក បូរ៉ា