ព័ត៌មានអន្តរជាតិ

តុលាការ​អ៊ីស្រាអែល អនុម័ត​លើ​ការ​ ពន្យារ​បម្រាម​លើ​ទូរទស្សន៍ Al Jazeera

AFP

យេរ៉ូសាឡឹម ៖ តុលាការអ៊ីស្រាអែល បានតម្កល់ការពន្យារពេល នៃការហាមឃាត់ដ៏ចម្រូងចម្រាស លើបណ្តាញព័ត៌មាន Al Jazeera នៅក្នុងប្រទេស នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តុលាការទីក្រុង Tel Aviv បានអនុម័តសំណើ របស់រដ្ឋមន្ត្រីទំនាក់ទំនងលោក Shlomo Karhi ដើម្បីបន្តការហាមឃាត់ ការផ្សាយបណ្តាញព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសកាតា ក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា។

ការហាមប្រាមលើកដំបូងត្រូវ បានដាក់ក្នុងខែឧសភារយៈពេល ៣៥ថ្ងៃ ហើយអាជ្ញាធរអ៊ីស្រាអែលភ្លាមៗ បានវាយឆ្មក់ការិយាល័យបណ្តាញ របស់ទីក្រុងយេរ៉ូសាឡឹម ដោយរឹបអូសឧបករណ៍។

ផ្ទាំងពាណិជ្ជកម្ម

តុលាការបានឲ្យដឹងថា ក្រុមហាម៉ាស់ បាននឹងកំពុងប្រើប្រាស់ទូរទស្សន៍ Al Jazeera ជា “ឧបករណ៍ឃោសនា និងស៊ើបការណ៍សម្ងាត់របស់ខ្លួន”។

កាលពីខែមេសា សភាអ៊ីស្រាអែល បានបោះឆ្នោត លើច្បាប់សម័យសង្រ្គាម ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ហាមឃាត់ស្ថាប័នព័ត៌មានបរទេស ដែលខ្លួនចាត់ទុកថា “បង្កគ្រោះថ្នាក់” ដល់សន្តិសុខជាតិ ។ ច្បាប់អនុញ្ញាតឱ្យរដ្ឋាភិបាល ចេញបម្រាមបណ្តោះអាសន្ន ហើយបន្ទាប់មកបម្រាមថ្មីរយៈពេល ៤៥ថ្ងៃ ដែលអាចបន្តជាថ្មីដោយគ្មានកំណត់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top