ហាវ៉ាណា ៖ ប្រទេសគុយបា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះវត្តមានរបស់នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋានទ័ពជើងទឹក Guantanamo Bay ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃកោះ ដែលគុយបា ចាត់ទុកថា ជាទឹកដីកាន់កាប់ដោយខុសច្បាប់។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសគុយបាលោក Carlos Fernandez de Cossio Dominguez បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទោះបីជាប្រទេស របស់លោកត្រូវបាន ជូនដំណឹងអំពីវត្តមានរបស់កប៉ាល់អាមេរិក ស្របតាមនីតិវិធី ដែលបានបង្កើតឡើង កាលពីប៉ុន្មានឆ្នាំមុនរវាង ទីក្រុងហាវ៉ាណា និងវ៉ាស៊ីនតោន ប៉ុន្តែគុយបា មិនយល់ព្រម ចំពោះវត្តមានកងទ័ពជើងទឹកនៅក្នុងទឹកដីរបស់ខ្លួន ដោយគ្មានការអញ្ជើញនោះឡើយ។
លោកបានលើកឡើងថា “យើងមិនចូលចិត្តវត្តមាននៅក្នុង ទឹកដីរបស់យើង នៃធម្មជាតិនេះទេ ដំណើរទស្សនកិច្ចដោយនាវាកង ទ័ពជើងទឹកបរទេសទៅ កាន់ប្រទេសមួយ ជាធម្មតាជាលទ្ធផលនៃការអញ្ជើញ ហើយនេះមិនមែនដូច្នោះទេ” ។
ទីបញ្ជាការភាគខាងត្បូង នៃសហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាមុជទឹក USS Helena ដែលជានាវាមុជទឹកវាយប្រហារ ល្បឿនលឿនដើរដោយ ថាមពលនុយក្លេអ៊ែរ បានចូលទៅក្នុងដែនទឹក ក្បែរមូលដ្ឋានទ័ពជើងទឹក Guantanamo Bay កាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ ពីនាវាកងទ័ពជើងទឹករុស្ស៊ី ចំនួន ៤គ្រឿងបានមកដល់កំពង់ផែហាវ៉ាណា សម្រាប់ដំណើរទស្សនកិច្ចនោះ នឹងបន្តរហូតដល់ថ្ងៃច័ន្ទ។
អនុរដ្ឋមន្ត្រីការបរទេសគុយបា ក៏បានរំលឹកពីលក្ខណៈ “ខុសច្បាប់ និងមិនអាចទទួលយកបាន” នៃការកាន់កាប់របស់សហរដ្ឋអាមេរិក លើផ្នែកមួយនៃទឹកដីគុយបាក្នុងខេត្ត Guantanamo “ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនគុយបា”៕
ប្រែសម្រួល ឈូក បូរ៉ា